ភ្នំពេញ៖ យុវជនមួយក្រុមចេញមកពីកម្មវិធីខួបកំណើតមិត្តភក្តិ ពេលត្រឡប់ទៅផ្ទះវិញ ត្រូវបានជនមួយក្រុមទៀតអះអាងថាជាសមត្ថកិច្ច ដេញវាយតប់ ទំនងចង់កៀបស៊ី ផ្អើលដល់សមត្ថកិច្ចខណ្ឌ៧មករា ចុះទៅអន្តរាគមន៍ ជនមួយក្រុមនោះនាំគ្នារត់គេចបាត់អស់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១៖៣០នាទីយប់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០តាមបណ្តោយផ្លូវលេខ១៦១នៅចំណុចស្តុបគួជេម៉ូតូ ស្ថិតក្នុងសង្កាត់អូរឫស្សី២ ខណ្ឌ៧មករា។
ជនរងគ្រោះឈ្មោះប៉ី សុខលាភ ភេទប្រុស អាយុ២០ឆ្នាំ ជាសិស្សថ្នាក់ទី១១ នៅវិទ្យាល័យបាក់ទូក ស្នាក់នៅសង្កាត់អូរឫស្សី២ ខណ្ឌឫស្សីកែវ បានឱ្យដឹងថា មុនពេលកើតហេតុ ខ្លួន និងមិត្តភក្តិប្រហែលជា៦ទៅ៧នាក់ទៀត បានទៅចូលរួមកម្មវិធីខួបកំណើតមិត្តភក្តិម្នាក់ នៅម្តុំក្រោយមន្ទីរពេទ្យព្រះកុសុមៈ។

លុះចប់កម្មវិធី ក៏នាំគ្នាជិះម៉ូតូត្រឡប់ទៅផ្ទះវិញនៅឯម្តុំផ្សារអូរឫស្សី ស្រាប់តែលេចមុខជនបង្កមួយក្រុមដែលពួកខ្លួនស្គាល់ថា ជាក្រុមប៉ូលិស ស្លៀកពាក់ស៊ីវិល ជិះម៉ូតូពី៥ទៅ៦គ្រឿង បានធ្វើសកម្មភាពដោះមួកសុវត្ថិភាពយកមកគប់ និងដោះខ្សែក្រវាត់ដេញវាយពួកខ្លួនតាំងពីនៅក្រោមស្ពានអូឡាំព្យា រហូតដល់ច្រកឌឿងហែមផ្លូវលេខ១៦១ ធ្វើឱ្យផ្អើលដល់សមត្ថកិច្ចចុះទៅអន្តរាគមន៍ឃាត់ពួកខ្លួនយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឫស្សីទី២។

ជនរងគ្រោះបានបន្តទៀតថា ពួកជនបង្កទាំងនោះបានអះអាងថា ពួកគេជាប៉ូលិស តែមិនមានពាក់កាតប៉ូលិសឡើយ ហើយពួកគេចង់កៀបស៊ីពួកខ្លួន លុះឃើញសមត្ថកិច្ចខណ្ឌ៧មករា មកដល់ ក៏នាំគ្នារត់គេចខ្លួនអស់បាត់តែម្តង។
បន្ទាប់មក ជនរងគ្រោះបានដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចតាមស្រាវជ្រាវរកជនបង្កទាំងនោះមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕