បរទេស៖ នាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០នេះ គឺជាថ្ងៃដំបូងនៃការបើកសាលារៀនឡើងវិញនៅប្រទេសថៃ តែវាមិនមែនជាពេលវេលារីករាយសម្រាប់កូនៗ និងឪពុកម្តាយទាំងអស់ដែលអ្នកខ្លះត្រូវខ្ចីប្រាក់ ឬក៏ឈានដល់ការលួចឯកសណ្ឋានដើម្បីផ្គត់ផ្គង់យកឲ្យកូនទៅសាលារឿនដូចគេឯងដទៃ។

ជាក់ស្ដែងមានស្រ្ដីម្នាក់ វ័យ២៦ឆ្នាំ ត្រូវបានឆ្មាំសន្ដិសុខចាប់ខ្លួន ក្រោយពីនាងបានធ្វើសកម្មភាពលួចឯកសណ្ឋាន ស្បែកជើងសាលាដើម្បីយកឲ្យកូនស្រីស្លៀកពាក់ទៅសាលារៀន។ ភ្លាមៗនោះខាងសាលាក៏បានទាក់ទងទៅប៉ូលីសរួចក៏សម្រេចបញ្ជូនស្រ្ដីនោះទៅប៉ុស្ដិ៌ដើម្បីរង់ចាំការដោះស្រាយ។

ស្ត្រីជាម្តាយបានសារភាពថា គ្រួសារនាងក្រីក្រ ការទិញឯកសណ្ឋានសម្រាប់កូនៗ របស់នាងគឺមានបញ្ហា ហើយម្យ៉ាងទៀតនាងពិតជាមិនចង់ឲ្យកូនស្លៀកពាក់ឯកសណ្ឋានចាស់ៗ ដោយខ្លាចកូនខ្មាសគេទើបនាងសម្រេចចិត្តធ្វើបែបនេះ សានាងពិតជាមានវិប្បដិសារីនូវទង្វើរដែលនាងបានធ្វើ ប៉ុន្តែនាងបានទទូចថា នាងគ្មានផ្លូវអ្វីក្រៅពីការលួចឯកសណ្ឋាននោះទេ។ ដោយនាងនិងស្វាមីរបស់នាងបានធ្លាក់ខ្លួនក្រ គ្មានការងារធ្វើនៅក្នុងអំឡុងពេលកូវីដ-១៩ ទោះបីជានាងរួមទាំងប្ដីនាងខិតខំពុះពាររកការងារធ្វើយ៉ាងណាក៏គ្មានលទ្ធផលដែល ពីព្រោះនាងត្រូវបានគេបញ្ឈប់ពីការងារ ដោយក្រុមហ៊ុនកាត់បន្ថយបុគ្គលិក។

គួរជម្រាបថា នៅឆ្នាំនេះការផ្ទុះឡើងរោគរាតត្បាតកូវីដ-១៩ បានធ្វើឱ្យពលរដ្ឋថៃ ទាំងមូលរងផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុ ដែលពួកគេភាគច្រើនបាត់បង់ការងារ ក៏ដូចជាអាជីវកម្មត្រូវបានបិទម ឬប្រាក់ចំណូលរបស់ពួកគេធ្លាក់ចុះ ៕
ប្រភព៖ BangkokPost