បរទេស៖ កាលពីថ្ងៃអង្គារ​ទី៣០មិថុនា សភាប្រជាមានិតចិនប៉េកាំង បានសម្រេច​អនុម័តច្បាប់សន្តិសុខជាតិ ដ៏ចម្រូងចម្រាសបំផុតនៅហុងកុង។ ច្បាប់សន្តិសុខជាតិ ដែលសកម្មជនប្រជាធិបតេយ្យហុងកុង បានចាត់ទុកថា គឺជាឧបករណ៍ ដើម្បីបំបិទសិទ្ធិសេរីភាពបញ្ចេញមតិ និងសិទ្ធិនយោបាយ ​របស់​ប្រជាជនហុងកុង។ ប៉ុន្មានម៉ោង ក្រោយការអនុម័តច្បាប់នេះជាផ្លូវការ យុវជន​ដែលជា​មេ​សកម្មជននយោបាយ​ របស់គណបក្ស​ប្រជាធិបតេយ្យ​ហុងកុង ចំនួន៤នាក់ បានលាឈប់ពីគណបក្សនេះ ហើយ​បន្តិចក្រោយមក គណបក្សនេះ ក៏ត្រូវបានគេ​​​ប្រកាសរំលាយចោលតែម្តង​។

កាលពីថ្ងៃអាទិត្យ ច្បាប់នេះ ត្រូវបានគេប្រគល់ជូនទៅ​គណកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាមានិតចិន​ យកទៅពិនិត្យ។ ការបោះឆ្នោតសម្រេច បានធ្វើទៅនៅថ្ងៃអង្គារ ទី​៣០មិថុនា​​នេះ។ ហើយភ្លាមៗនោះ លោកប្រធានាធិបតី ចិនស៊ី ជីនពីង បាន​ចុះហត្ថលេខាប្រកាសចូលជាធរមាន​។ នេះបើផ្អែកតាមការចុះផ្សាយ របស់ទីភ្នាក់ងារព័ត៌មានចិន Xinhua ។

ដំណឹងនៃការ​បោះឆ្នោតអនុម័តច្បាប់សន្តិសុខជាតិនេះ ហាក់បីដូចជា​ខ្យល់ព្យុះ​កំបុតត្បូងបោកបក់មកលើ​ដែនដីហុងកុង។ បណ្តាញសារព័ត៌មានហុងកុងគ្រប់ៗគ្នា តួយ៉ាង កាសែត China Morning Post បានចុះផ្សាយដំណឹងនេះ ដោយបានស្រង់​ប្រភពដែលស្និទបំផុត ជាមួយ​នឹងគណបក្សកុម្មុយនិស្តចិន។ គណបក្ស​​នយោបាយហុងកុង ដែលមានទំនោរគាំទ្រចិន ក៏បានចេញសេចក្តីថ្លែងការ អបអរ ចំពោះការអនុម័តច្បាប់នេះដែរ។

ទាក់ទិននឹងខ្លឹមសារលំអិតរបស់ច្បាប់នេះវិញ គឺខាងភាគីចិន នៅតែលាក់នៅឡើយ មិនទាន់ផ្សព្វផ្សាយ​ទេ។ តែយ៉ាងណា កាលពីដើមខែមិថុនានេះ បណ្តាញព័ត៌មានផ្លូវការចិន Xinhua ​បានចុះផ្សាយពីខ្លឹមសារគោលៗ នៃច្បាប់ដ៏ចម្រូងចម្រាសមួយនេះ។ ខ្លឹមសារសំខាន់របស់​ច្បាប់នេះ គឺ​​ធ្វើការប្រយុទ្ធប្រឆាំង បង្រ្កាបនូវសកម្មភាពបះបោរ អំពើភេរវកម្ម សកម្មភាពវិទ្ធង្សនា និងការឃុបឃិតជាមួយ​កម្លាំងបរទេសណាមួយ។ ច្បាប់នេះ ក៏បាន​បង្កើតឲ្យមាន​ អង្គភាពពិសេសមួយស្ថិតនៅក្រោមការ​បញ្ជាដោយផ្ទាល់ពីប៉េកាំង ដើម្បីតាមដាន ស៊ើបអង្កេត និង​ឃ្លាំមមើលការគោរពច្បាប់នេះ នៅក្នុងតំបន់​ហុងកុង។

សម្រាប់រដ្ឋាភិបាលប៉េកាំង ច្បាប់នេះនឹងធានាការពារស្ថិរភាព អធិបតេយ្យភាពរបស់ដែនដីចិនទាំងមូល ហើយនឹងបិទបញ្ចប់សកម្មភាពបាតុកម្មហិង្សា វាយបំផ្លិចបំផ្លាញទ្រព្យសម្បត្តិឯកជននិងសាធារណៈនៅហុងកុង។ ក៏ប៉ុន្តែសម្រាប់ចលនាប្រជាធិបតេយ្យហុងកុងវិញ ច្បាប់នេះគឺជាឧបករណ៍មកសង្កត់ក ប្រជាជនហុងកុង ហើយលែងតវ៉ា រិះគន់ ឬមានមតិអ្វីទាំងអស់។

លោក Joshua Wong សកម្មជនប្រជាធិបតេយ្យដ៏ល្បីម្នាក់ បានសរសេរលើទំព័រ Twitter នៅថ្ងៃនេះថា “ចប់ហើយ ហុងកុងដែលពិភពលោកធ្លាប់ស្គាល់ គឺត្រូវស្លាប់នៅថ្ងៃនេះហើយ ដែលដីនេះ នឹងក្លាយជាដែនដី​ស្ថិតក្រោមការឈ្លបតាមដាន កៀបសង្កត់របស់​នគរបាលសំងាត់ចិនប៉េកាំង”។

លោក Joshua Wong ព្រមទាំងសកម្មជនប្រជាធិបតេយ្យ​ ៣នាក់ទៀត គឺ Nathan Law  Jeffrey Ngo និង Agnes Chow ដែលជាមេចលនា​ប្រជាធិបតេយ្យរបស់គណបក្ស Demosisto បាន ប្រកាស​​លា​ឈប់​ពី​បក្សនេះ។ តែអ្នកទាំង៤ បានអះអាងថា ពួកគេនឹងនៅតែបន្ត ធ្វើការតស៊ូមតិ តទៅទៀត ជាលក្ខណៈផ្ទាល់ខ្លួន។ ការលាឈប់នេះ គឺដើម្បីការពារគណបក្ស Demosisto ពីការ​ប្តឹងចាប់ទោសអូសដំណើរណាមួយ ជាមួយនឹងការចូលជាធរមាន នៃច្បាប់សន្តិសុខជាតិជាតិនេះ។ តែទីបំផុតទៅ ប្រហែលជា២ម៉ោងក្រោយមក ថ្នាក់ដឹកនាំគណបក្ស Demosisto ដែលបានចាប់បដិសន្ធិ កាលពី​ពេលបាតុកម្មឆ័ត្រលឿងឆ្នាំ២០១៤នេះ បានសម្រេចរំលាយខ្លួន​ចោលតែម្តង ៕