បរទេស៖ នាថ្ងៃអង្គារ ទី០១ ខែកក្កដា ឆ្នាំ២០២០ ក្រុមប្រឹក្សាសហភាពអ៊ឺរ៉ុបបានផ្តល់អនុសាសន៍ជាផ្លូវការមួយ ដើម្បីដកការរឹតបន្តឹងការធ្វើដំណើរលើប្រទេសចំនួន១៥ ដែលប្រទេសទាំងនោះត្រូវបានគេដឹងថា មានការធូរស្បើយច្រើនពីសំណាក់ការរាតត្បាតកូវីដ-១៩។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Euronews

ការបើកឡើងវិញនូវការធ្វើដំណើររបស់ប្រទេសចំនួន១៥ ឲ្យចេញចូលអ៊ឺរ៉ុបធម្មតាបានកើតឡើងនៅពេលដែលប្រទេសនានាកំពុងព្យាយាមធ្វើសកម្មភាពសេដ្ឋកិច្ចឡើងវិញ ខណៈប្រទេសផ្សេងទៀតកំពុងទប់ស្កាត់ការកើនឡើងនៃកូវីដ-១៩ ដោយចំណុចក្តៅនៅតែបន្តកើនឡើងនៅអាមេរិកឡាទីន និងនៅសហរដ្ឋអាមេរិក។

យ៉ាងណាមិញប្រទេសទាំង១៥ ដែលត្រូវបានអនុញ្ញាតនោះរួមមាន៖ ប្រទេសអាល់ហ្សេរី,អូស្រ្ដាលី,កាណាដា,ហ្សកហ្សី,ជប៉ុន,ម៉ុងតេណេហ្គ្រោ,ម៉ារ៉ុក,នូវែលសេឡង់,រវ៉ាន់ដា,ស៊ែប៊ី,កូរ៉េខាងត្បូង,ថៃ,ទុយនីស៊ី,អ៊ុយរ៉ាហ្គាយ។

គួរបញ្ជាក់ថា បន្ទាប់ពីការចរចាជាច្រើនថ្ងៃសមាជិកអ៊ឺរ៉ុប បានបញ្ចប់បញ្ជីប្រទេសដែលមានស្ថានភាពសុខភាពរបស់ពួកគេត្រូវបានគេគិតថា មានសុវត្ថិភាពគ្រប់គ្រាន់ដើម្បីអនុញ្ញាតឱ្យប្រជាជនចូលក្នុងប្លុកអ៊ឺរ៉ុប ដែលចាប់ផ្តើមនៅថ្ងៃទី១ ខែកក្កដា ប៉ុន្តែគួរជាកត់សម្គាល់ សហរដ្ឋអាមេរិក ត្រូវបានគេដកចេញ រួមជាមួយរុស្ស៊ី និងតួកគី ផងដែរ ៕