ខេត្តបាត់ដំបង៖ យុវតីស្រស់ស្អាតម្នាក់ ឈ្មោះ គ្រី សុខដាឡែន ខណៈពេលកំពុងជិះម៉ូតូជាមួយគូស្នេហ៍ឈ្មោះទៀត គឹមហេង ជាកីឡាករជម្រើសជាតិបាល់ទាត់យុវជនកម្ពុជា ត្រូវរថយន្តបុកបណ្តាលឲ្យ បាត់បង់ជីវិតទាំងវ័យក្មេង កាលពីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ ។

ក្រោយកើតហេតុ សពយុវតីរងគ្រោះត្រូវក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យនៅស្រុកកំណើតឯខេត្តបាត់ដំបង យ៉ាងរន្ធត់សោកស្តាយជាពន់ពេក ហើយអ្វីដែលកាន់តែខ្លោចចិត្តនោះ នៅពេលហែសពយុវតីរងគ្រោះបញ្ចុះនោះ គេឃើញស្រ្តីជាម្តាយកាន់រន្ធត់ចិត្ត ស្រែកទ្រហោយំដង្ហើយហៅកូនស្រីឲ្យវិលវិញ រហូតដល់សន្លប់បាត់បង់ស្មារតី។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង១២ និង៥០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ៣១០ កែងនឹងផ្លូវ១៤៣ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយមានរថយន្ត១គ្រឿង បុកយុវជនជាកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជាម្នាក់ ខណៈកំពុងឌុបនារីសង្សារ បណ្តាលឲ្យនារីជាគូស្នេហ៍ស្លាប់នៅនឹងកន្លែងកើតហេតុ និងយុវជនអ្នកបើកម៉ូតូរងរបួសធ្ងន់។
យុវជនរងគ្រោះ ដែលត្រូវរថយន្តបុកនេះ មានឈ្មោះទៀត គឹមហេង ជាកីឡាករបាលទាត់ជម្រើសជាតិកម្ពុជា ចំណែកនារីជាសង្សារ មានឈ្មោះ គ្រី សុខដាឡែន (ហៅជ្រុយ) ភេទស្រី អាយុ១៧ឆ្នាំ មុខរបរសិស្សវិទ្យាល័យទួលទំពូង ថ្នាក់ទី១២CE1 ស្នាក់នៅបឹងសាឡាង ខណ្ឌទួលគោក មានស្រុកកំណើតនៅខេត្តបាត់ដំបង។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ គូសង្សាររងគ្រោះខាងលើ ជិះម៉ូតូម៉ាក PCX ពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ 1I-7873 ឌុបគ្នាធ្វើដំណើរ តាមបណ្ដោយផ្លូវ៣១០ ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ។ លុះពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿង ពណ៌ខ្មៅ មិនចាំម៉ាកនិងស្លាកលេខ បានធ្វើដំណើរតាមបណ្ដោយផ្លូវ១៤៣ ក្នុងទិសដៅពីជើងមកត្បូង ក្នុងល្បឿនលឿនដូចហោះ មកបុកចំពាក់កណ្ដាលម៉ូតូពេញទំហឹង បណ្តាលឲ្យនារីជាសង្សារជិះពីក្រោយបាក់កស្លាប់ ចំណែកយុវជនទៀត គឹមហេង របួសធ្ងន់។ ចំណែក រថយន្តបង្កមិនបានឈប់ដោះស្រាយ បានបន្ថែមល្បឿនបើករត់គេចបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគន៍ ជួយចាត់ចែងបញ្ជូនអ្នករបួសទៅមន្ទីរពេទ្យ។ បន្ទាប់មក ទើបធ្វើការវាស់វែង និងកំណត់ហេតុ យកម៉ូតូទៅរក្សាទុកបណ្តោះអាសន្ន រង់ចាំធ្វើការស្រាវជ្រាវរករថយន្តបង្ក មកធ្វើការដោះស្រាយជាមួយក្រុមគ្រួសារជនរងគ្រោះតាមផ្លូវច្បាប់។ ដោយឡែក សពនារីរងគ្រោះ សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារដឹកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណីទាំងក្តីសោកសង្វេគជាពន់ពេក៕

សូមប្រិយមិត្តទស្សនាវីដេអូ ដូចខាងក្រោម៖