រាជធានី​ភ្នំពេញ ៖ អនុរដ្ឋលេខាធិការ​ក្រសួងការពារជាតិ លោក ស ថា​វី និង​បក្ខពួក ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​ការ​បញ្ហា​លក់​ដី​មិនមែន​ជា​របស់​ខ្លួន នៅ​សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ហើយនៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០នេះ លោក ស ថា​វី បាន​ចូលខ្លួន​តាម​ដីកា​បង្គាប់​របស់​តំណាង​អយ្យការ​ដើម្បី​សាកសួរ ។

បើ​តាម​ដីកា​របស់​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចោទប្រកាន់​លោក ស ថា​វី និង​បក្សពួក​ពី​បទ «​ផ្តើមគំនិត​ក្នុង​អំពើ​លួច​លក់​អចលនវត្ថុ ដែល​មិនមែន​ជា​របស់​ខ្លួន​»​។ ចំណែក​បក្ខពួក​ផ្សេង​ទៀត​ដែល​ក្នុង​នោះ​មាន​៧​នាក់ ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​លួច​លក់​អចលនវត្ថុ​ដែល​មិនមែន​ជា​របស់​ខ្លួន ។

ដីកា​របស់​ព្រះរាជអាជ្ញា សយ ណូ​រ៉ា បាន​សម្រេច​ចោទប្រកាន់​បើក​ការ​ស៊ើបសួរ​លើ​មនុស្ស​ចំនួន​ដូច​ខាងក្រោម ៖

ទី​១- លោក ស ថា​វី អាយុ​៥៣​ឆ្នាំ (​ក្រៅ​ឃុំ​)
ទី​២- លោក ឡុ​ង ដា​រ៉ា ហៅ ណា​ង (​ឃុំខ្លួន​)
ទី​៣- លោក ប៉ូច ថេ​ន អាយុ​៥២​ឆ្នាំ (​ឃុំខ្លួន​)
ទី​៤- លោក ឡូញ រស់ អាយុ​៤០​ឆ្នាំ (​ឃុំខ្លួន​)
ទី​៥- លោក អ៊ុ​ក ភក្តី កើត​ឆ្នាំ​១៩៦៦ (​ក្រៅ​ឃុំ​)
ទី​៦- លោក យិ​ន អ៉ិ​ម (​ក្រៅ​ឃុំ​)
ទី​៧- លោក ម៉ាត់ ឌី អាយុ​៥០​ឆ្នាំ (​ក្រៅ​ឃុំ​)
ទី​៨- លោកស្រី យស់ ម៉ា​លី​ណា (​ក្រៅ​ឃុំ​)
ទី​៩- និង គូកន (​ក្រៅ​ឃុំ​)​។

ក្នុង​សំណុំរឿង​នេះ ក្រៅពី​លោក ស ថា​វី ដែល​មុន​ចូល​កាន់​តំណែង​ជា​អនុរដ្ឋលេខាធិការ​ក្រសួងការពារជាតិ ជា​អតីត​អភិបាល​ខេត្តព្រះវិហារ និង ឧត្តរមានជ័យ​នោះ តុលាការ​ក៍បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​សមត្ថកិច្ច តាម​ចាប់ខ្លួន​មនុស្ស​២​នាក់​ទៀត ផង​ដែរ ៕