រាជធានីភ្នំពេញ៖ បុរសជាកម្មករសំណង់ម្នាក់ បានរៀនមន្តអាគមអូមអាមខាងផ្លូវងងឹត លុះពេលបែកឆ្វេងគ្រប់គ្រងខ្លួនឯងមិនលែងបានស្រាប់តែយកកាំបិតប៉័ងតោ មកកាត់ប្រដាប់ភេទខ្លួនឯងចោល ជិតដាច់ បណ្តាលឲ្យហូរឈាមកក្លាក់ រងរបួសធ្ងន់។ ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង ៩និង៥៥នាទីព្រឹក ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ស្ថិតលើផ្លូវបេតុង ភូមិទួលរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

បុរសដែលកាត់ប្រដាប់ភេទខ្លួនឯងឈ្មោះ គា វណ្ណា ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរកម្មកសំណង់ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា បុរសរងគ្រោះខាងលើជាមនុស្សរៀនវិជ្ជាមន្តអាគមខាងផ្លូវងងឹត និងផឹកស្រាជាប្រចាំ រហូតមកដល់ថ្ងៃកើតហេតុ មិនដឹងមានរឿងអ្វី សង្ស័យតែបែកឆ្វេង គ្រប់គ្រងខ្លួនឯងលែងបាន ស្រាប់តែយកកាំបិតប៉័ងតោ មកកាត់ប្រដាប់ភេទខ្លួនឯង ជិតដាច់ប្រកាច់ពេញផ្លូវ ផ្អើលពលរដ្ឋក្បែរខាង និងសមត្ថកិច្ច ចុះដល់ទីតាំងជួយចាប់ ស្រាប់តែជនរងគ្រោះ ទាញកាំបិតដេញកាប់រត់ជាន់ជើងគ្នា។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ធ្វើការលួងលោម និងហៅរថយន្តសង្គ្រោះដឹក ជនរងគ្រោះទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ តែគេមិនទាន់ដឹងថា ក្រុមគ្រូពេទ្យអាចជួយតភ្ជាប់ប្រដាប់ភេទជនរងគ្រោះបានដូចដើមវិញឬយ៉ាងណាទេ៕