រាជធានីភ្នំពេញ៖ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០បានឲ្យដឹងថា នៅទីបំផុត ដើមផ្កាក្ងោកនិងផ្កាសាគូរ៉ាជំទង់ៗ ចំនួន១០០០ដើម ត្រូវបានចាប់ផ្តើមដាំនៅលើកំណាត់ផ្លូវទៅកាន់ប្រាសាទបន្ទាយស្រីហើយ។

កម្មវិធីនេះ ប្រារព្ធឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ប្រធានក្រុមការងារចុះជួយឃុំខ្នារសណ្តាយ ដែលជាអ្នកផ្តួចផ្តើមគំនិត និងឧបត្ថម្ភដើមផ្កាទាំងអស់នេះជូនដល់រដ្ឋបាលស្រុកបន្ទាយស្រីដាំលម្អនៅតាមដងផ្លូវ។ ក្នុងនោះក៏មានការចូលរួមពី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប យុវជនសសយកខេត្ត យុវជនស្ម័គ្រចិត្តមកពីអង្គការដៃគូ មន្ត្រីរាជការនៅក្នុងស្រុក ប្រជាការពារ និងជាពិសេសមានការចូលរួមពីប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវនេះដោយផ្ទាល់ផងដែរ។

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីបន្តថា វត្តមាន និងការចូលរួមរបស់ប្រជាជនទាំងនេះជាការចាំបាច់ណាស់ដើម្បីជួយស្រោចទឹក ដាក់ជី ថែរក្សា ក៏ដូចជាជួយសម្អាត ជម្រះស្មៅ ដាំផ្កាបន្ថែមផងដែរ។

ក្នុងនាមអភិបាលស្រុក លោក ឃឹម ហ្វីណង់ បានថ្លែងអំណរយ៉ាងជ្រាលជ្រៅចំពោះលោក សែម សុវណ្ណនី ដែលបានជួយជ្រោមជ្រែងអោយរដ្ឋបាលអាចរៀបចំកែលម្អសោភ័ណភាព និងបន្ថែមភាពស្រស់បំព្រងនៅតាមដងផ្លូវដ៏សំខាន់មួយនេះអោយស័ក្តិសមជាស្រុកទេសចរណ៍។ រដ្ឋបាលស្រុកនឹងបន្តស្វែងរក និងរៀបចំដាំដើមផ្កាក្ងោកនិងផ្កាសាគូរ៉ាប្រភេទនេះបន្ថែមទៀត អោយបានពេញតាមបណ្តោយដងផ្លូវទាំងមូល ក៏ដូចជាអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវ ចូលរួមដាំផ្កាផ្សេងៗទាំងតូចទាំងធំ ទាំងខ្ពស់ទាំងទាប នៅតាមរបង និងតាមមុខផ្ទះបន្ថែមទៀត ដើម្បីបង្កើនភាពទាក់ទាញរឹតតែខ្លាំងសម្រាប់ភ្ញៀវទេសចររាប់លាននាក់ដែលឆ្លងកាត់ផ្លូវនេះក្នុងមួយឆ្នាំៗ៕