ខេត្តកណ្តាល៖ យុវជនទំនើងម្នាក់ បានធ្វើសកម្មភាពប្រើអំពើហិង្សាលើស្រ្តីជាជីដូនជរាគ្មានញញើតដៃ មិនខ្លាចចុះនរកសោះ រហូតអ្នកជិតខាងទ្រាំចិត្តលែងបាន ក៏លួចថតវីដេអូនូវសកម្មភាពសាហាវឃោរឃៅនេះ យកទៅឲ្យប៉ូលិសបានឃើញ និងជួយអន្តរាគមន៍ ចុះមកធ្វើការចាប់ខ្លួនចៅគម្រក់នោះ ដើម្បីចាត់ការតាមផ្លូវច្បាប់។
ករណីហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង១៨ និង១០នាទី ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចក្រោមផ្ទះ ឈ្មោះ ងី គឹមជន ស្ថិតក្នុងភូមិព្រែកតាសៅ ឃុំស្វាយប្រទាល ស្រុកស្អាង ។

ស្រ្តីរងគ្រោះឈ្មោះងី គឹមជន ភេទស្រី អាយុ៨១ឆ្នាំ ជនជាតិខ្មែរ មុខរបរជរា មានទីលំនៅភូមិព្រែកតាសៅ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ។ ចំណែក ជនដៃដល់មាន ឈ្មោះខេង សុខរាជ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកតាសៅ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល (ត្រូវជាចៅបង្កើតរបស់ស្រ្តីរងគ្រោះ)។ ជននេះធ្លាប់អប់រំនៅមណ្ឌលកែប្រែ ឱកាសខ្ញុំចំនួន០៦ខែ កាលពីឆ្នាំ២០១៨ ។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យបានយកក្រាស់សិតសក់វាយទៅលើស្រ្តីរងគ្រោះ ហើយជនសង្ស័យបានយកដៃទាំង២បោចសក់ និងច្របាច់កជនរងគ្រោះទៀតផង ខណៈពេលដែលជនសង្ស័យធ្វើសកម្មភាពល្មើសទៅលើជនរងគ្រោះ ក៏ត្រូវបាន ប្រជាពលរដ្ឋដែលរស់នៅក្បែរនោះថតសកម្មភាពបាន បន្ទាប់មក ក៏បានយក វីដេអូពីសកម្មភាពជនសង្ស័យវាយធ្វើបាបលើស្រ្តីរងគ្រោះរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្វាយប្រទាល។
ប្រភពបន្តថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋខាងលើភ្លាមនោះកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប្រទាលបានចុះដល់កន្លែងកើតហេតុបានឃាត់ខ្លួនជនដៃដល់ រួមទាំងវត្ថុតាងខាងលើបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕

ចង់ជ្រាបច្បាស់ សូមទស្សនាវិដេអូដូចខាងក្រោម៖