រាជធានីភ្នំពេញ៖ យុវជនជាកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជាម្នាក់ ខណៈកំពុងបើកម៉ូតូឌុបយុវតីស្រស់ស្អាតជាគូស្នេហ៍ដើរលេងយប់ មិនប្រយ័ត្នស្រាប់តែមានរថយន្ត១គ្រឿង បើកមកបោះពួយមកបុកយយ៉ាងពេញទំហឹង បណ្តាលឲ្យនារីជាសង្សារស្លាប់នៅកន្លែងកើតហេតុមួយរំពេច យ៉ាងអាណោចអាធ័ម ។

ករណីគ្រោះចរាចរណ៍ដ៏រន្ធត់នេះ បានកើតនៅវេលាម៉ោង១២ និង៥០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ៣១០ កែងនឹងផ្លូវ១៤៣ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង ។
យុវជនរងគ្រោះ ដែលត្រូវរថយន្តបុកនេះ មានឈ្មោះទៀត គឹមហេង ជាកីឡាករបាលទាត់ជម្រើសជាតិកម្ពុជា ចំណែកនារីជាសង្សារ មានឈ្មោះ គ្រី សុខដាឡែន (ហៅជ្រុយ) ភេទស្រី អាយុ១៨ឆ្នាំ មុខរបរសិស្សវិទ្យាល័យទួលទំពូង ថ្នាក់ទី១២CE1 ស្នាក់នៅបឹងសាឡាង ខណ្ឌទួលគោក មានស្រុកកំណើតនៅខេត្តបាត់ដំបង។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ គូសង្សាររងគ្រោះខាងលើ ជិះម៉ូតូម៉ាក PCX ពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ 1I-7873 ឌុបគ្នាធ្វើដំណើរ តាមបណ្ដោយផ្លូវ៣១០ ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿន ។ លុះពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿង ពណ៌ខ្មៅ មិនចាំម៉ាកនិងស្លាកលេខ បានធ្វើដំណើរតាមបណ្ដោយផ្លូវ១៤៣ ក្នុងទិសដៅពីជើងមកត្បូង ក្នុងល្បឿនលឿនដូចហោះ មកបុកចំពាក់កណ្ដាលម៉ូតូពេញទំហឹង បណ្តាលឲ្យនារីជាសង្សារជិះពីក្រោយបាក់កស្លាប់ ចំណែកយុវជនទៀត គឹមហេង របួសធ្ងន់។ ចំណែក រថយន្តបង្កមិនបានឈប់ដោះស្រាយ បានបន្ថែមល្បឿនបើករត់គេចបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគន៍ ជួយចាត់ចែងបញ្ជូនអ្នករបួសទៅមន្ទីរពេទ្យ។ បន្ទាប់មក ទើបធ្វើការវាស់វែង និងកំណត់ហេតុ យកម៉ូតូទៅរក្សាទុកបណ្តោះអាសន្ន រង់ចាំធ្វើការស្រាវជ្រាវរករថយន្តបង្ក មកធ្វើការដោះស្រាយជាមួយក្រុមគ្រួសារជនរងគ្រោះតាមផ្លូវច្បាប់។ ដោយឡែក សពនារីរងគ្រោះ សមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារដឹកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណីទាំងក្តីសោកសង្វេគជាពន់ពេក៕