ខេត្តកណ្ដាល ៖ ស្ត្រី​ម្នាក់​បើករថយន្ត​ស៊េរី​ទំនើប​១​គ្រឿង​តាម​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ​បោះពួយ​យ៉ាង​លឿន​វ៉ា​ជែង​រថយន្ត​ដឹក​ខ្យា​ច់​១​គ្រឿង​ទៀត​បណ្តាល​ឱ្យ​ជ្រុល​ចង្កូត​ក្រឡាប់​ធ្លាក់​ចូល​ទឹក​បឹង​បណ្តាល​ឱ្យ​ស្លាប់ ។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​១២ និង​១០​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០២០ ស្ថិត​តាម​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ សង្កាត់​ដើម​មាន ក្រុង​តា​ខ្មៅ ។

ស្ត្រី​រង​គ្រោះ​មានឈ្មោះ ចាន់ ស្រី​ល័​ក្ខ អាយុ​៣០​ឆ្នាំ មុខរបរ​មេផ្ទះ ស្នាក់​នៅ​បុរី លឹ​ម ឈាង​ហាក់ ចំការ​ដូង ស្ថិត​ក្នុង​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដោយ​បើកបរ​រថយន្ត​ទំនើប​១​គ្រឿង​ម៉ាក​តូ​យូ​តា កាម​រី​ហា​យ​ប្រ៊ី​ដ ពណ៌​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ 2BG-7274 ។

យោង​តាម​ប្រភព​ពី​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ស្ត្រី​ខាងលើ​បើករថយន្ត​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​៦០​ម៉ែត្រ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​ដូច​ហោះ​ដ​លយ​ឡាយ​វី​ដេ​អូ​បណ្តើរ​បើកបរ​រថយន្ត​បណ្តើរ ។

លុះ​ពេល​មក​ដល់​ចំណុច​កើតហេតុ​បាន​វ៉ា​រថយន្ត​មួយ​គ្រឿង​បណ្ដាល​ឱ្យ​រ៉េ​ចង្កូត​មក​ខាងឆ្វេង​ធ្លាក់​ផ្លូវ​ក្រឡាប់​អូស​ជា​ច្រើន​ម៉ែត្រ ធ្លាក់​ចូល​ទឹក​បឹង​កំប្លោក​លិច​បាត់​តែ​ម្ដង ។ ក្រោយ​កើតហេតុ​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​បាន​ចុះ​រាវរក​សព​ស្ត្រី​រូប​នោះ​យក​ចេញពី​ក្នុង​រថយន្ត​ទៅ​ដាក់​លើគោក រង់ចាំ​សាច់ញាតិ​ដឹក​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ឬ​ស្សី​សាញ់​ធ្វើបុណ្យ​តាម​ប្រពៃណី ៕