ខេត្តកណ្តាល ៖ បុរសម្នាក់ដែលជាប់ចោទពីបទប៉ុនប៉ងមនុស្សឃាតដោយចេតនា និងធ្វើឱ្យខូចខាតដោយចេតនាដែលបានរត់គេចខ្លួនអស់ជាច្រើនឆ្នាំត្រូវបានកម្លាំងប៉ុស្តិ៍នគរ​បាលរដ្ឋបាលក្រុងតាខ្មៅចាប់ខ្លួនបាននៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង​១០និង០០នាទីព្រឹក ស្ថិតនៅចំណុចភូមិតាខ្មៅ សង្កាត់តាខ្មៅក្រុងតាខ្មៅ ខេត្តកណ្តាល​ ។

ជនជាប់ចោទមានឈ្មោះ​ សំ សុវណ្ណរស្មី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានដីការឱ្យចាប់ខ្លួនចំនួនពីរគឺ ទី១-ដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៖៣៩៩ ដកបចខ ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០១៨ របស់លោក ទី សំណាង ចៅក្រមស៊ើបសួរ​ នៃសាលាដំបូងខេត្ត កណ្តាល និងទី២-ដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៖៦១៥ តក.ព្រទ ចុះថ្ងៃទី០៣ ខែធ្នូ ឆ្នាំ ២០១៩ របស់លោក ហេង ផល្លា ប្រធានក្រុមព្រឹក្សាជំនុំជម្រះ នៃសាលាដំបូងខេត្តកណ្តាល ។

យោងតាមប្រភពដីការបង្គាប់ឲ្យចាប់ខ្លួនរបស់តុលារបានឲ្យដឹងថា ជនជាប់ចោទខាងលើបានប្រព្រឹត្តបទល្មើសប៉ុនប៉ងមនុស្សឃាតដោយចេតនា និងធ្វើឲ្យខូចខាតដោយចេតនា ដែលប្រព្រឹត្តនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០០៩ តែជនជាប់ចោទបានរត់គេចខ្លួនរហូតមកទើបតែដល់វេលាកើតហេតុខាងលើត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រុងតាខ្មៅចាប់ខ្លួនបានតែម្តង ។ ករណីនេះសមត្ថកិច្ចបានបញ្ជូនជនជាប់ចោទបន្តចាត់ការតាមនីតិវិធី ៕