រាជធានីភ្នំពេញ ៖ ជន​បំពុលសង្គម​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​ថា «​អម្បាញ់មិញ​នេះ​មាន​ករណី​បាញ់ប្រហារ​លោក​ឧកញ៉ា ដេ​វីត ឆៃ​ណា​វា នៅក្នុងបុរី ប៉េង ហ៊ួត​» កាលពីរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ ។ តាមប្រភពស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក្រោយពីទទួលបានដំណឹងនេះរួចមកបានប្រតិកម្មភ្លាមៗចំពោះករណីខាងលើនេះ និងបានបញ្ជាក់យ៉ាងច្បាស់ថា នេះជាព័ត៌មានមិនពិត មិនមែនជាករណីឃាតកម្មឡេីយ គ្រាន់តែជាសកម្មភាពថតកុនតែប៉ុណ្ណោះ ។ ជុំវិញបញ្ហាបំពុលសង្គមនេះ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានឱ្យដឹងផងដែរថា កាលពីមុន​នេះ​បន្តិច​មាន​ជន​បំពុលសង្គម​បាន​ផ្សព្វផ្សាយ​ដោយ​ចេតនា​ទុច្ចរិត ព័ត៌មាន​មិន​ពិត​ក្នុង​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ចំនួន​ដែល​ក្នុង​នោះ​មានឈ្មោះ «Seyla AAî» ដោយ​ប្រើ​រូបភាពពី​ក្នុង​ការ​ថត​ខ្សែភាពយន្ត ប៉ុន្តែ​បាន​បន្ថែម​ខ្លឹមសារ ក្លែងក្លាយ​ក្នុង​គោលបំណង បង្ក​ឱ្យ​មាន​ភាព​ចលាចល​ក្នុង​ប្រទេស​ប៉ុណ្ណោះ​ ។ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សូម​ឱ្យ​ប្រជាពលរដ្ឋកុំ​មានការ​យល់​ច្រឡំ​ចំពោះ​ខ្លឹមសារ​ក្នុង​គណនី​មួយ​នេះ ហើយ​នាយកដ្ឋាន​ក៏​សូម​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​មានការ​ទទួលខុសត្រូវ​នូវ​ព័ត៌មាន​ដែល​ខ្លួន​យក​មក​បង្ហោះ​ ឬ​ចែកចាយ ទោះជា​ចេតនា ឬ​អ​ចេតនា​ក្ដី ព្រោះ​លោក​អ្នក​អាច​ប្រឈម​នឹង​ច្បាប់​នូវ​រាល់​ការ​ផ្សព្វផ្សាយ​ក្លែងបន្លំ​ណា​ដែល​បង្ក​ឱ្យ​មាន​ភាព​ចលាចល​ដល់​សង្គម​ ៕