ខេត្តកំពង់ធំ ៖ ជនសង្ស័យក្មេងៗល្ហក់ ចំនួន៤នាក់ ពាក់ព័ន្ធករណីអំពើឆក់ និងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិអ្នកដទៃ ត្រូវបានកម្លាំងនគរបាលស្រាវជ្រាវឃាត់ខ្លួនបាន នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចដីឡូត៍មួយកន្លែង ក្នុងភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យរួមមាន ៖ ១-ឈ្មោះ សឿង ជា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង (ឆក់ផ្ទាល់) ។ ២-ឈ្មោះ ឆៃ ឆាន ហៅឆក ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិគោកស្នាយ សំព្រោជ ស្រុកស្ទោង(ឆក់ផ្ទាល់)។ ៣-ឈ្មោះ ថាយ ធីម ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិបុស្សតាអែក ឃុំទ្រា ស្រុកស្ទោង (បក្ខពួក) និង៤-ឈ្មោះ កេន រ៉ាធី ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិទ្រា ឃុំទ្រា ស្រុកស្ទោង (បក្ខពួក) ។ ទាំង៤នាក់ត្រូវបានកម្លាំងជំនាញឃាត់ខ្លួននៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០នេះ និងរឹបអូសបានម៉ូតូ១គ្រឿងរបស់ជនសង្ស័យជិះធ្វើសកម្មភាព នៅចំណុចដីឡូត៍ ភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ។

ជនសង្ស័យបានសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពឆក់កាបូបលុយ និងបានកាប់បំផ្លាញម៉ូតូរបស់ជនរងគ្រោះ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ប្រាកដមែន ហើយក្រោយពីធ្វើតេស្ត សមត្ថកិច្ចឃើញពួកគេមានផ្ទុកនូវសារធាតុញៀនទាំង០៤នាក់។
ជនសង្ស័យទាំង៤នាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងដើម្បីចាត់ការតាមច្បាប់ ៕