ភ្នំពេញ ៖ លោក រស់ សុឃិត ត្រូវបានចាប់ខ្លួននៅខេត្តកំពង់ឆ្នាំង នៅវេលាម៉ោងប្រមាណ១០ព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ហើយនេះគឺការអនុវត្តដីកានាំខ្លួន ដើម្បីយកមកសាកសួរពីបទបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងត្រូវបានបញ្ជូនបន្តមករាជធានីភ្នំពេញ ដើម្បីសាកសួរ។ ចំពោះនីតិវិធីបន្ត នឹងធ្វើឡើងក្រោយពេលសាកសួររួច។
នេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ។

យោងតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សេង ហៀង លេខ ១៤៤ អយន ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ បានបង្គាប់ឲ្យកម្លាំងមានសមត្ថកិច្ចនាំខ្លួនលោក រស់ សុឃិត ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅក្នុងភូមិកន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ មុខរបរចាងហ្វាងកាសែតជាតិខ្មែរ មកបង្ហាញខ្លួននៅការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យបានមុនថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ដើម្បីសាកសួរពីដំណើររឿង ញុះញង់បង្កឲ្យមានភាពវឹកវរ ធ្ងន់ធ្ងរដល់សន្តិសុខសង្គម។

សូមរំលឹកថា កាលពីចុងឆ្នាំ២០០៩ តាមបណ្តឹងលោក សយ សុភាព អគ្គនាយកសារព័ត៌មានដើមអម្ពិល និងជាអ្នកអត្ថាធិប្បាយព័ត៌មាននៅទូរទស្សន៍បាយន្ត លោក រស់ សុឃិត ធ្លាប់ត្រូវបានចាប់ខ្លួនពីបទផ្សព្វផ្សាយព័ត៌មានមិនពិត ហើយនៅខែវិច្ឆិកា ឆ្នាំ២០០៩ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បានកាត់ក្តីឲ្យជាប់ពន្ធនាគារ២ឆ្នាំ ម្ដងរួចមកហើយ និងត្រូវបានត្រូវសាលាឧទ្ធរណ៍ សម្រេចដោះលែងឲ្យមានសេរីភាពវិញ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១០៕