ខេត្តកំពង់ស្ពឺ៖ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៦ និង៣០នាទី កម្លាំងមត្ថកិច្ចជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដឹកនាំដោយលោកស្រីវរសេនីយ៏ទោ មួន មល្លិកា នាយការិយាល័យ បានឆ្មក់ចូលបង្រ្កាបទីតាំងបង្កប់សេវាផ្លូវភេទ ជ្រកក្រោមស្លាកម៉ាស្សាកោសជប់ ស្ថិតក្នុងភូមិកាយៀវ ឃុំជង្រុក ស្រុកគងពិសី ។
ក្នុងប្រតិបត្ដិការនោះ កម្លាំងជំនាញឃាត់ខ្លួនម្ចាស់ទីតាំងម្នាក់ មានឈ្មោះ ឈួន ប៊ុនថន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ បើកម៉ាស្សាកោសជប់ ។

លោកស្រី មួន មល្លិកា នាយការិយាល័យប្រឆាំងការ ជួញដូរមនុស្ស និងការពារអនីតិជន បានឲ្យថា ក្រោយទទួលបានព័ត៌មាន លោកស្រីបានគោរពស្នើសុំគោលការណ៍ ពីលោក សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងបានការឯកភាពពីរលោកស្រី ចាតសូ រស្មី ព្រះរាជអាជ្ញា អយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ ដើម្បីប្រតិបត្ដិការ រំដោះនារីរងគ្រោះដោយសារការចាញ់កលល្បិចលួងលោមពីថៅកែឲ្យរកស៊ីទទួលសេវាផ្លូវភេទផង និងឲ្យធ្វើជាអ្នកម៉ាស្សាកោសជប់ (នារីបម្រើភ្ញៀវ..) ។
បច្ចុប្បន្នថៅកែម្នាក់ជាម្ចាស់ទីតាំងបង្កប់សេវាផ្លូវភេទត្រូវបានជំនាញកសាងសំណុំរឿងបញ្ជូនទៅអយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ ចាត់ការនីតិវិធីបន្ដ រីឯនារីរងគ្រោះបានបញ្ជូនទៅជំនាញជួយដល់ស្រ្ដីងាយរងគ្រោះ៕

ដោយ៖ សិន សុភាព