យោងតាមផេករបស់រដ្ឋបាលខេត្តកណ្តាល ដែលបានបង្ហោះផ្សាយកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ មានខ្លឹមសារថា « • ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និង ឯកឧត្តមឧត្តមសេនីយ៍ឯក ពូ សាប៊ុតឌី មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគពិសេស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងចងសម្ព័ន្ធមេត្រីភាព រវាងសាលាខេត្តកណ្ដាល និងក្រុមហ៊ុនហេងអភិវឌ្ឍន៍ ជាមួយកងការពារព្រំដែនលេខ៦០១ យោធភូមិភាគពិសេស ។

ពិធីនេះធ្វើនៅទីបញ្ជាការកងការពារព្រំដែនលេខ៦០១ ស្ថិតក្នុងភូមិព្រែកហម ឃុំឈើខ្មៅ ស្រុកកោះធំ ដោយមានការចូលរួមពី ព្រមទាំង ប្រតិភូអមដំណើរ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត មន្ទីរជុំវិញខេត្ត នាយទាហាន និងពលទាហានជាង ២៦៥នាក់។
ការចងសម្ព័ន្ធមេត្រីភាពនេះគឺធ្វើឡើង ដោយអនុវត្តតាមសេចក្ដីសម្រេចលេខពិសេស ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១០ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពីការកែសម្រួល និងរៀបចំរចនាសម្ព័ន្ធមេត្រីភាពរវាងអង្គភាពកងទ័ព កងនគរបាលជាតិ ជាមួយស្ថាប័ន-អង្គភាពស៊ីវិល។

ក្នុងពិធីនេះ លោកមេបញ្ជាការកងការពារព្រំដែន លេខ៦០១ បានសំណូមពរដល់សាលាខេត្តកណ្តាល និង ក្រុមហ៊ុនហេងអភិវឌ្ឍន៍ សូមរក្សាសម្ព័ន្ធមេត្រីភាព រវាងកងការពារព្រំដែនលេខ៦០១ យោធភូមិភាគពិសេស ជាមួយគ្នា ឱ្យបានចំនួន២ដង ក្នុង១ឆ្នាំ គឺរៀងរាល់៦ខែម្ដង និងជួយសាងសង់របងព័ទ្ធជុំវិញទីបញ្ជាការកងការពារព្រំដែន៦០១ ប្រវែង៣០៤ម៉ែត្រ កម្ពស់២,៥ម៉ែត្រ សរុបថវិកា ២៤.៣២៩ ដុល្លារ។ សំណូមពរនេះ ត្រូវបាន ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ ឧកញ៉ា សៀង ចាន់ហេង អគ្គនាយិការក្រុមហ៊ុនហេងអភិវឌ្ឍន៍ បានឯកភាព យល់ព្រមតាមសំណូមពរ បន្ថែមពីនេះ ឯកឧត្តមអភិបាលខេត្តបានជួយឧបត្ថម្ភម៉ូតូចំនួន១០គ្រឿង ដល់កងការពារព្រំដែនសម្រាប់បំពេញបេសកកម្ម។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម អភិបាលខេត្ត បានផ្ដាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចឈរជើងនៅតាមបន្ទាត់ព្រំដែន ត្រូវបន្តរក្សា និងពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់តាមបណ្ដោយព្រំដែន សំដៅធានាការគ្រប់គ្រង ការទប់ស្កាត់ការជួញដូរ ការរត់គេចពន្ធគ្រប់ប្រភេទ ព្រមទាំងការឆ្លងចេញ-ចូលព្រំដែនខុសច្បាប់ ។ ជាពិសេសត្រូវបន្តធ្វើការហាមឃាត់ចំពោះ ការសាងសង់សំណង់នានា ទាំងខាងភាគីកម្ពុជា និងភាគីខាងវៀតណាម នៅតំបន់ព្រំដែនដែលពុំទាន់មានការបោះបង្គោលខ័ណ្ឌសីមារួចរាល់ ត្រូវមានវិធានការទប់ស្កាត់ និងរាយការណ៍ជាបន្ទាន់ ក្នុងករណីមានភាពមិនប្រក្រតីណាមួយកើតឡើង ដើម្បីមានវិធានការទាន់ពេលវេលា ត្រូវយកចិត្តទុកដាក់លើការប្រែក្លាយតំបន់ព្រំដែនឱ្យក្លាយទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការល្អ និងមានការអភិវឌ្ឍន៍។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាល បានឧបត្ថម្ភដល់អ្នកចូលរួមចំនួន២៦៥នាក់ ក្នុង១នាក់ទទួលបានថវិកា១០ម៉ឺនរៀល និងបានឧបត្ថម្ភដល់ កងការពារព្រំដែនលេខ៦០១ នូវ អង្ករចំនួន១០០បាវ មីចំនួន ១០០កេស ម៉ាស់ចំនួន ៥ ០០០ម៉ាស់។
ដោយឡែក ឯកឧត្តម ប៉ោ សេង បានឧបត្ថម្ភ ថវិការចំនួន ៥,០០០ដុល្លារ លោកជំទាវឧកញ៉ា សៀង ចាន់ហេង បានឧបត្ថម្ភ ថវិកា ១០លានរៀល អាវយឺត និងក្រមារមួយចំនួនផងដែរ ដល់កងការពារព្រំដែនលេខ៦០១»៕