រាជធានី​ភ្នំពេញ ៖ បើ​គ្មាន​អ្វី​ប្រែប្រួល​ទេ ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ម៉ា​ឡេ​ស៊ី ដែល​ជា​និស្សិត និង​ពលករ​ចំនួន​១៥៨​នាក់​ទៀត នឹង​ធ្វើ​មាតុភូមិនិវត្តន៍ នៅ​ថ្ងៃស្អែក​នេះ ទី​២៦ ខែមិថុនា ដោយ​មានការ​សហការ និង​ជួយ​សម្របសម្រួល ពី​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ា​ឡេ​ស៊ី ។

បើ​តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៅ​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹង​ថា ពលរដ្ឋ​ខ្មែរ​ទាំង​១៥៨​នាក់​នោះ នឹង​ចាក​ចេញពី​ទីក្រុង​គូ​ឡា​ឡាំ​ពួរ នៅ​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង​០៩៖០០​នាទី​ព្រឹក ហើយ​មក​ដល់​រាជធានី​ភ្នំពេញ នៅ​វេលា​ម៉ោង​០៩៖៥០​នាទី​ព្រឹក ថ្ងៃ​ដដែល ។ តាម​ជើងហោះហើរ​នោះ ក៏​មាន​អ្នកដំណើរ​ជនជាតិ​ម៉ា​ឡេ​ស៊ី ២​នាក់​ផង​ដែរ ក្នុង​ជើងហោះហើរ​លេខ MH754 របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ា​ឡេ​ស៊ី ៕