ខេត្តកំពង់ឆ្នាំង៖ តាមដីការបស់ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក រស់ សុឃិត ចាងហ្វាងកាសែតជាតិខ្មែរ ត្រូវបានកម្លាំងនគរបាលខេត្តកំពង់ឆ្នាំង ឃាត់ខ្លួន កាលពីព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០នេះ។

មន្រ្តីស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ក្រោយពេលឃាត់ខ្លួន លោក រស់ សុឃិត ត្រូវបាន បញ្ជូនបន្តមកកាន់ស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ខែ មិថុនានេះភ្លាមៗផងដែរ ។
បើយោងតាមដីកាបញ្ជាឱ្យចូលខ្លួន របស់ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សេង ហៀង លេខ ១៤៤ អយន ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ បានបង្គាប់ឱ្យកម្លាំងមានសមត្ថកិច្ចនាំខ្លួនលោក រស់ សុឃិត ភេទប្រុស អាយុ ៤១ ឆ្នាំ រស់នៅក្នុងភូមិកន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ មុខរបរចាងហ្វាងកាសែតជាតិខ្មែរ មកបង្ហាញខ្លួននៅការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឱ្យបានមុនថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ដើម្បីសាកសួរពីដំណើររឿង ញុះញង់បង្កឱ្យមានភាពវឹកវរ ធ្ងន់ធ្ងរដល់សន្តិសុខសង្គម ។

តាមដីកាបង្គាប់ឱ្យចូលខ្លួន របស់លោក សៀង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ បានបង្គាប់ឱ្យ លោក រស់ សុឃិត បង្ហាញខ្លួននៅការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ដើម្បីសាកសួរពីដំណើររឿង ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម៕