ខេត្តបាត់ដំបង ៖ ស្ត្រីម្នាក់កើតទុក្ខមិនសុខចិត្ត ពីរឿងចាក់ឆ្នោតយួនខុស មេស៊ី ចាក់ត្រូវជាង៨០លានរៀល មេអត់សង បាទៅប្តឹងសមត្ថកិច្ច បានត្រឹមទទួលពាក្យបណ្តឹងរួច មិនដឹងជាគេយកទៅញាត់ទុកក្រហែងណា មិនព្រមចាត់ការសោះ។
ស្ត្រីរងគ្រោះឈ្មោះ មាស ស្រី អាយុ៥៤ឆ្នាំ បច្ចុប្បន្នរស់នៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក បានរៀបរាប់ថា កន្លងមក រូបគាត់ចូលចិត្តលេងកន្ទុយលេខណាស់ ទោះបីជាឆ្នោតយួនឬសៀមក៏ដោយ គឺគាត់លេងឆ្នោតទាំងអា២ខ្ទង់ និងអា៣ខ្ទង់ ហើយចាក់ម្តងៗអស់ច្រើនគួរសមដែរ។

លុះនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ គាត់ក៏បានឃើញមេឆ្នោតឈ្មោះយាយព្រីង ដែលតែងតែជិះកង់មកលក់ឱ្យគាត់ដូចសព្វដង គាត់ក៏បានចាក់ឆ្នោតយួន អស់ជាច្រើនលេខ និងអស់លុយច្រើនដែរ ។
លុះពេលល្ងាច ស្រាប់តែលទ្ធផលឆ្នោតចេញមកគាត់បានត្រូវទាំងអា២ខ្ទង់ផង និងទាំងអា៣ខ្ទង់ផងសរុបជាង៨០លានរៀល។ បន្តិចក្រោយមក ក៏ស្រាប់តែឃើញឈ្មោះ ភួង វិចិ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា និងមានមុខរបរបើកវីងវេរលុយយីហោ ចំរើន វិចិត្រ មកលុតជង្គង់នៅមុខគាត់ ដោយនិយាយថា សុំចុះពាក់កណ្តាលទៅ ព្រោះអ៊ំត្រូវឆ្នោតច្រើនណាស់ គេគ្មានលុយបើកឲ្យទេ។

ពេលនោះទើបគាត់ដឹងថា ឈ្មោះ ភួង វិចិ នេះ គឺជាមេឆ្នោតធំប្រចាំតំបន់នេះ ដោយឈ្មោះនេះបានអង្វរសុំឲ្យគាត់កាត់យករថយន្តម៉ាកហាយឡិនឌ័ររបស់គេ ដែលមានតម្លៃ១៧០០០ដុល្លារ។ ពេលនោះគាត់ក៏យល់ព្រម ប៉ុន្តែខណៈដែលជននោះត្រឡប់ទៅផ្ទះវិញ ស្រាប់តែប្រពន្ធគេថាមិនព្រមឱ្យយករថយន្តនោះឡើយ ហើយបាននិយាយឌឺថា ចង់ទៅប្តឹងដល់ណាក៏ទៅចុះ ព្រោះលុយត្រូវឆ្នោតគឺគ្មានច្បាប់ណាធ្វើអ្វីគេដោះស្រាយទេ។
ស្រ្តីរងគ្រោះព្រោះត្រូវឆ្នោតយួន បានបន្តថា ក្រោយមកគាត់ក៏បានទៅដាក់ពាក្យប្តឹងនៅអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក តែចាប់ពេលនោះមករឿងនេះក៏ស្ងាត់ឈឹងដូចចោរលួចសេះ ពោលគឺអស់រយៈពេលប៉ុន្មានឆ្នាំមកហើយ នៅតែស្ងាត់ឈឹងដដែល ទើបគាត់សម្រេចចិត្តឱ្យអ្នកកាសែតជួយគាស់ឡើងវិញ។

ករណីនេះ លោក សារ៉េត វិសេដ្ឋ អធិការនគរបាលស្រុកភ្នំព្រឹក បានឱ្យដឹងថា កាលពីឆ្នាំ២០១៧.២០១៨នោះ លោកនៅជាអធិការរងនៅឡើយ តែលោកបានឃាត់ខ្លួនឈ្មោះ ភួង វិចិ ព្រមទាំងកសាងសំណុំរឿងបញ្ជូនទៅឱ្យលោកសៀក ភា ជាប្រធានស្តីទី នៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្ត។ តែក្រោយមក លោកក៏មិនបានដឹងថាមានដំណោះស្រាយយ៉ាង ស្រាប់តែឃើញឈ្មោះ ភួង វិចិ ត្រឡប់មកផ្ទះ រស់នៅដូចធម្មតាទៅវិញ៕