ភ្នំពេញ ៖កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ប្រើវិធានការក្ដៅ ចុះកាត់ផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្ម និងផ្លាកយីហោផ្សេងៗដែលរំលោភចិញ្ចើមផ្លូវ ក្រោយអាជ្ញាធរបានចុះណែនាំជាច្រើនដងមកហើយ តែបងប្អូនអាជីវកម្ម មិនព្រមស្ដាប់។ចូលរួមគោរពនៅសេចក្ដីណែនាំ របស់សាលារាជធានីភ្នំពេញ ដែល លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានដាក់បញ្ជាមិនឲ្យមានការរំលោភយកចិញ្ចើមផ្លូវ ចតរថយន្ដ នៅលើចិញ្ចើមផ្លូវថ្មើជើង និងការ៉ូឡាទាំងអមសងខាងផ្លូវ ដើម្បីសម្រួល ដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ និងជាផ្លូវសម្រាប់ជនពិការ។

នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ កម្លាំងគណៈបញ្ជាការឯកភាព ចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ តាមណ្ដោយផ្លូវលេខ៦០៨ ក្នុងមូលដ្ឋានសង្កាត់បឹងកក់២ ដោយកាត់ផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្ម និងផ្លាកកយីហោផ្សេងៗ ដែលសាងសង់រំលោភយកចិញ្ចើមផ្លូវ ដើម្បីងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ និងឱ្យសណ្តាប់ធ្នាប់របៀបរៀបរយល្អប្រសើរ និងបញ្ជៀសការកកស្ទះចរាចរណ៍នៅក្នុងមូលដ្ឋានផងដែរ ៕