ភ្នំពេញ៖ ជនសង្ស័យម្នាក់ជាសិស្សសាលា ឆ្លៀតឱកាសផ្អាកការសិក្សា ចេញធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះកំពុងជិះម៉ូតូ PassApp ត្រូវជនរងគ្រោះ និងអ្នករត់តូ PassApp ចាប់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង១និង១០នាទី រសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចផ្លូវសហព័ន្ធរុស្សី ស្ថិតនៅក្នុងភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ អ៊ី ប៊ុណ្ណា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិអង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
ចំណែកជនរងគ្រោះ ឈ្មោះ ប៊ុន ឡុង អាយុ៤៥ឆ្នាំ មុខរបរ ទិញលក់អេតចាយ ស្នាក់នៅភូមិវាលរេញ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះ PassApp តាមផ្លូវសហព័ន្ធរុស្សី ក្នុងទិសដៅពីលិចទៅកើត។ ខណ:មកដល់ចំណុច ស្រាប់តែមានជនសង្ស័យជិះម៉ូតូមួយគ្រឿង ម៉ាកស្កុបពី ពណ៌ខ្មៅ មិនមានផ្លាកលេខ មកពីក្រោយ ឆក់ទូរស័ព្ទដៃជនរងគ្រោះម៉ាក samsung calaxys9 ពណ៌ខ្មៅ តែត្រូវជនរងគ្រោះនិងអ្នករត់ PassApp ចាប់ដៃជាប់ បណ្តាលឲ្យដួលម៉ូតូ ចាប់ខ្លួនបានប្រគល់ឲ្យសមត្ថកិច្ចតែម្តង ។
ជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕