ភ្នំពេញ៖ ជាមួយនឹងគោលដៅអភិវឌ្ឍវិស័យទេសចរណ៍របស់កម្ពុជា រដ្ឋបាលខេត្តកំពត តាមរយៈវិស័យឯកជនបាន និងកំពុងវិនិយោគតំបន់អភិវឌ្ឍន៍ ទេសចរណ៍ធម្មជាតិនៅលើផ្ទៃដី១៧ហិកតា មានទីតាំងស្ថិតនៅ ភូមិមាត់ពាម ឃុំម៉ាកប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត ស្របពេលដែលខេត្តជាប់មាត់សមុទ្រមួយនេះ មានសក្តានុពលខ្ពស់លើវិស័យទេសចរណ៍។

លោកជាវ តាយ អភិបាលខេត្តកំពត នៅក្នុងពិធីដឹកនាំមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ រួមនឹងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យដីទីតាំងវិនិយោគនេះនៅថ្ងៃទី២៥ខែមិថុនា ឆ្នាំ ២០២០នេះបានឱ្យដឹងថា  ខេត្តកំពតមានសក្តានុពលខ្លាំងផ្នែកទេសចរណ៍ ដែលបច្ចុប្បន្នកំពុងមានការពេញនិយមពីសំណាក់ភ្ញៀវទេសចរជាតិ អន្តរជាតិ មកទស្សនាកំសាន្ត រៀងរាល់ថ្ងៃចុងសប្តាហ៍ ក៏ដូចជាពិធីបុណ្យជាតិផ្សេងៗ។

លោកអភិបាលខេត្តបន្តថា ដូចនេះការអភិវឌ្ឍន៍ និងការកែច្នៃតំបន់ទេសរចរណ៍ធម្មជាតិ គឺជាកិច្ចការអាទិភាពមួយ របស់រដ្ឋបាលខេត្ត ត្រូវយកចិត្តទុកដាក់ ដើម្បីធ្វើការទាក់ទាញភ្ញៀវទេសចរ ឲ្យកាន់តែមានកំណើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ

លោកបន្ថែមទៀតថា រាល់ការអភិវឌ្ឍន៍ ជាសត្យានុម័តមានការប៉ះពាល់ខ្លះនៅទីតាំងជាក់ស្តែង ជាពិសេសតំបន់នេះមានការពាក់ព័ន្ធនឹងប្រព័ន្ធទឹក ដែលហូរចេញពីព្រែកទឹកឈូ ដែលមានផ្ទៃរងទឹកធំនៅរដូវវស្សា ឬនៅពេលដែលទំនប់វារីអគ្គីសនីកំចាយបើកទ្វារទឹកម្តងៗ ទាមទារឲ្យអ្នកវិនិយោគ និងមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធរួមគ្នាសិក្សាឲ្យបានច្បាស់លាស់

លោកអភិបាលខេត្ត បានណែនាំបន្ថែមដល់អ្នកពាក់ព័ន្ធ ត្រូវ ទី១ ការអភិវឌ្ឍន៍នៅតំបន់នេះ មិនឲ្យប៉ះពាល់ជាមួយប្រជាពលរដ្ឋដែលរស់នៅក្បែទីតាំងនេះ។ ទី២ ការរៀបចំការអភិវឌ្ឍន៍ទាំងអស់នេះ ត្រូវធ្វើឡើងតាមលក្ខណៈបច្ចេកទេស ធានាបាននូវនិរន្តភាព 

លោកក៏បានស្នើដល់ភាគីពាក់ព័ន្ធ ឲ្យមានកិច្ចសហការគ្នាល្អប្រសើរ ដើម្បីសម្របសម្រួលដល់ការអភិវឌ្ឍន៍ និងកែច្នៃតំបន់ទេចរណ៍ធម្មជាតិនេះ ទទួលបានជោគជ័យ និងក្លាយទៅជាគោលដៅទេចរណ៍ថ្មីមួយទៀត សម្រាប់ខេត្តកំពតនៅថ្ងៃអនាគត៕