ខេត្តកោះកុង៖ អនុគណៈកម្មការ​ទទួល​បន្ទុក​សាងសង់​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​ខេត្តកោះកុង អំពាវនាវ​ទៅកាន់​មជ្ឈដ្ឋាន​ទូទៅ រាប់​តាំងពី​ប្រជាជន មន្ត្រីរាជការ កង​ប្រដាប់អាវុធ ពាណិជ្ជករ រហូតដល់​អ្នកមាន​ទ្រព្យ​ច្រើន​…​ឲ្យ​ចូលរួម​ឧបត្ថម្ភ​ថវិកា​តាម​លទ្ធភាព ដើម្បី​ជម្រុញការពន្លឿនការសាងសង់ស្តូបឈ្នះ ឈ្នះ ឱ្យកាន់តែមានការរីកចម្រើនតាមផែនការគ្រោងទុក៕

តាមរយៈ​សេចក្តីអំពាវនាវ​របស់​ខ្លួន អនុគណៈកម្មការ​ទទួល​បន្ទុក​សាងសង់​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​ឈ្នះ​ខេត្តកោះកុង បង្ហាញ​ជំនឿ​យ៉ាង​មុតមាំ​ថា សាធារណជន នឹងចូលរួម​គាំទ្រ​ ដល់​ការសាងសង់​សំណង់​ប្រវត្តិសាស្ត្រ​ជាតិ​មួយ​នេះ​។ អនុគណៈកម្មការ​ទទួល​បន្ទុក​សាងសង់​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​ខេត្តកោះកុង ប្រាប់​សាធារណជន ឲ្យ​ទាក់ទង​ទៅ​កា​រិ​យា​របស់​ សម្តេច ទៀ បាញ់ រដ្ឋមន្ត្រី​ការពារជាតិ បើ​មាន​សមានចិត្ត​ចង់​បរិច្ចាគ​ថវិកា​។

គួរជម្រាបថា នាថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២០ អនុគណៈកម្មការ​ទទួល​បន្ទុក​សាងសង់​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​ខេត្តកោះកុង បានចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់ ​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​ឈ្នះ​។ គេ មិនទាន់​ដឹង​ទេ​ថា ការ​សាងសង់​នេះ នឹងត្រូវ​ប្រើ​រយៈពេល​យូរ​ប៉ុនណា​  ហើយ​ត្រូវ​ចំណាយ​ថវិកា​សរុប​ប៉ុន្មាននោះទេ។

ក្នុងការសាងសង់ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះនេះ មានទីតាំងស្ថិតនៅទល់មុខអាស្រមលោកយាយម៉ៅ ភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ តាមបណ្តោយផ្លូវជាតិលេខ៤៨។

​ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ សាងសង់ឡើងតាមគំរូប្លង់គោល មានឃឿន ៤ ជ្រុង សរុប ៦៦ ម៉ែត្រ កម្ពស់ ៤៣ ម៉ែត្រ ហើយទីធ្លា បរិវេណស្តូបអនុស្សាយ៍នយោបាយឈ្នះ ឈ្នះ មានទំហំធំទូលាយ ក្នុងការចតរថយន្ត និងការទេសចរណ៍កម្សាន្តរបស់ពលរដ្ឋ ៕