ភ្នំពេញ៖ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ នាយករដ្ឋមន្រ្តីហ៊ុន សែន​ បានបង្ហើបឱ្យដឹងថា សៀវភៅ (សម្តេចហ៊ុន សែន វីរបុរសសង្ហា ដើរបញ្រ្ចាសទិស ប្រឆាំង​កូវីដ​១៩) នឹងត្រូវបោះពុម្ព និងផ្សព្វផ្សាយជាសាធារណៈ ក្នុងពេលឆាប់ៗនេះហើយ។

ឯកឧត្តមបានបញ្ជាក់ថា សៀវភៅ ដែលមានកម្រាសជាង២៧០ទំព័រនេះ នឹងបង្ហាញពីភាពឆ្លាតវៃ នៃ​សិល្បៈ នៃការដឹកនាំ និងការគ្រប់គ្រង របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ ប្រយុទ្ធប្រឆាំង ជំងឺ​កូវីដ​១៩ រហូតទទួលបានជោគជ័យ១០០% ក្នុងរលកទី១  (ដំណាក់កាលទី១)នេះ។ ឯកឧត្តម លើក ឡើងទៀតថា បញ្ហាកូវីដ១៩នេះ ប្រសិនបើមេដឹកនាំគ្មានភាពឆ្លាតវៃ និងហ្មត់ចត់ ល្អិតល្អន់ទេនោះ នោះ​នឹងមិនអាច ការពារប្រជាពលរដ្ឋរបស់ខ្លួនឱ្យចៀសផុតពីគ្រោះថ្នាក់ ដែលបង្កឡើងដោយជំងឺកាចសាហាវ​នេះ​បាន​ទេ ដូចប្រសាសន៍សម្តេចតេជោ ដែលបានលើកឡើងក្នុងស្និសីទសារព័ត៌មានកន្លងមកថា មិនថា ប្រទេសនោះមានបច្ចេកវិជ្ជាទំនើបខ្លាំងប៉ុន្មានទេ ប៉ុន្តែ កត្តាសំខាន់បំផុត គឺតើមេដឹកនាំប្រទេសនោះ​មាន​ភាពវៃឆ្លាត និងពូកែចាត់ចែងប៉ុនណា?។

គួររម្លឹកថា តាមបទពិសោធន៍ ក្នុងដំណាក់កាល(រលកទី១)នេះ បណ្តាប្រទេសមហាអំណាចធំៗ ដូច​​ជាបារាំង អាមេរកាំង រុស្សី ចិន អាល្លឺម៉ង់ អ៊ីតាលី អេស្ប៉ាញ និងប្រទេសដទៃទៀត ដែលសុទ្ធតែ មានបច្ចេកវិជ្ជាវេជ្ជ​សាស្រ្តល្អៗ គ្រូពេទ្យពូកែៗ ប៉ុន្តែ ពួកគេនៅតែមិនអាចទប់ស្កាត់ ឬការពារប្រជាជន​របស់គេឱ្យរួចផុត​ពី​គ្រោះថ្នាក់បាន។ ពួកគេនៅតែភ័យស្លន់ស្លោ និងព្រួយបារម្ភជានិច្ច។ ផ្ទុយទៅវិញ នៅកម្ពុជា តាមទស្សនៈ​សម្តេច​តេជោហ៊ុន សែន ជាប្រទេសតូច តែបេះដូងធំ ចិត្តទូលាយ មិនត្រឹមតែ ការពារប្រជាជន​ខ្លួន​ឱ្យ​រួចផុត ពីជំងឺឆ្លងកាចសាហាវនេះទេ ថែមទាំងបានជួយប្រជាជនពិភពជាង២ពាន់​នាក់ នៅលើនាវា​វេស្ទ័រដាម ដែលប្រទេសចំនួន៦បានបោះបង់ចោលលើមហាសាគរ ឱ្យមានក្តី​សង្ឃឹម​ថែមទៀតផង។ មនុស្ស​ទាំងជាង២ពាន់នាក់លើនាវានោះ ក៏មានជនជាតិអាមេរិកជាង៦០០នាក់​ផងដែរ ដែល​កាយ​វិការ​នេះ ធ្វើឱ្យសម្តេចតេជោហ៊ុន សែន ក្លាយជាវីរបុរសសង្ហា ដើរប​ញ្រ្ចាសទិស ប្រឆាំង​កូវីដ១៩។

ឯកឧត្តមទីប្រឹក្សា បានបន្តថា កាយវិការ ដ៏គួរឱ្យគោរព ចំពោះសិល្បៈ នៃភាពជាអ្នកដឹកនាំ របស់សម្តេច​តេជោហ៊ុន សែន នៅអំឡុងពេលនេះ ទោះបីកន្លងមក មានបណ្តាប្រទេសខ្លះរិះគន់ ឬសើចចំអកឱ្យ​កម្ពុជា ឬមានការវាយតម្លៃដោយខុសឆ្គង ពីបណ្តាបងប្អូនគណបក្សប្រឆាំង ប៉ុន្តែ គុណសម្បត្តិដ៏ធំធេងរបស់​សម្តេច សម្តេចហ៊ុន សែន បានធ្វើឱ្យកម្ពុជា ក្លាយ​ជាប្រទេស ដ៏មានមោទកភាពល្បីល្បាញគួរឱ្យគោរព លើ​ឆាក​អន្តរជាតិ ជាប្រវត្តិសាស្រ្ត។

ឯកឧត្តមពៅ សុខ បញ្ជាក់ថា ចំ​​ពោះ​ការ​ចង​ក្រង និងបោះពុម្ពសៀវភៅនេះ គឺ ដើម្បីជាតឹកតាំងជា​ប្រវត្តិ​សាស្រ្ត ជាសារណា ឬនិក្ខេបបទ នៃមនុស្សជាតិ ទាំង​ថ្នាក់ជាតិ ថ្នាក់តំបន់ និងពិភពលោក ដែលបញ្ជាក់ថា កម្ពុជា ជាប្រទេសតូច តែចិត្តធំ ចិត្តទូលាយ និងមានមេដឹក​នាំល្អ គួរឱ្យ​កោតសរសើរ នាសវត្សរ៍​ទី២១ ក្នុងការ​ប្រយុទ្ធ​ប្រឆាំងវីរុស​កូវីដ១៩ ដែលគេមិន​អាចបដិសេធបាន ព្រោះ​ដំណាក់កាលនេះ ពុំទាន់មាន​ប្រទេសណាមួយ អាចធ្វើបាន​ល្អដូចកម្ពុជាឡើយ កម្ពុជា ពិតជាមានមោទកភាព ៕