ភ្នំពេញ៖ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញមកបញ្ជាក់មិនទាន់ទទួលបានព័ត៌មានផ្លូវការណាមួយពីភាគីវៀតណាមនៅឡើយលើករណីជនជាតិវៀណាមម្នាក់ បានធ្វើដំណើរចេញពីកម្ពុជា ហើយរកឃើញថាមានផ្ទុក COVID-19។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ប្រាប់ថា«ខ្ញុំសុំអនុញ្ញាតគោរពជម្រាបជូន សាធារណជនទាំងអស់ឲ្យបានជ្រាបថា មកទល់ពេលនេះ យើងមិនទទួលបានព័ត៌មានផ្លូវការណាមួយពីភាគីវៀតណាមចំពោះករណី ដែលបានលើកឡើងនៅក្នុងសារព័ត៌មានចុះផ្សាយនោះទេ»។

លោកស្រីបានសង្កត់ធ្ងន់ថា ក្រុមការងាររបស់ក្រសួងសុខាភិបាល ក៏បានស្រាវជ្រាវដោយយកចិត្តទុកដាក់បំផុត ក៏ប៉ុន្តែមិនទទួលបាននូវព័ត៌មានជាក់លាក់ណាមួយស្ដីអំពីករណី ដូចការចុះផ្សាយនោះដែរ។ តាមការចុះផ្សាយនោះទៀត គឺយើងក៏មិនអាចដឹងបានដែរថា តើការដែលចម្លងនេះ វាអាចឆ្លងនៅប្រទេសណាមួយដែរទេ? ដោយសារការចម្លងវីរុសនេះ វាអាចកើតមានឡើងគ្រប់ទីកន្លែង គ្រប់កាលៈទេសៈ និងគ្រប់ពេលវេលាទាំងអស់ជាពិសេសទៅទៀតនោះ គឺនៅពេលដែលបុគ្គលធ្វើដំណើរចល័តតែម្តង។

អ្នកនាំពាក្យក្រសួងសុខាភិបាល បានបន្តទៀតថា «គ្រប់ព័ត៌មាន ដែលទទួលបានយើងតែងតែធ្វើការស្រាវជ្រាវនៅព្រះរាជាណាចក្រកម្ពុជារបស់យើង ដោយបានធ្វើការរុករកឲ្យអស់លទ្ធភាព ហើយថ្ងៃនេះ ខ្ញុំសូមជម្រាបជូនថា យើងនៅតែមិនទាន់រកឃើញមានករណីវិជ្ជមានថ្មីណាមួយនោះទេតាមរយៈប្រព័ន្ធស្រាវជ្រាវតាមដានរបស់យើងនេះ។ អញ្ចឹងខ្ញុំគ្រាន់តែសូមជម្រាបជូនថា ករណីនេះមិនមានភាពជាក់លាក់ ហើយក៏មិនអាចនឹងវាយតម្លៃថា ការចម្លងនេះគឺកើតចេញពីព្រះរាជាណាចក្រកម្ពុជាយើងដែរ ដោយសារបុគ្គលនោះបានទៅដល់ប្រទេសវៀតណាម បើគិតទៅហួសពី១៤ថ្ងៃទៅហើយមកទល់ពេលដែលចុះផ្សាយថារកឃើញវិជ្ជមាននោះ»។

ក្រសួងសុខាភិបាល នៅតែប្រកាន់ជំហរសហប្រតិបត្តិការល្អ មានតម្លាភាពជានិច្ច និងបន្តការយកចិត្តទុកដាក់ស្រាវជ្រាវជាបន្តទៀត ហើយប្រសិនបើយើងមានព័ត៌មាន ឬក៏មានការវិវឌ្ឍន៍ថ្មីណាមួយដែលពាក់ព័ន្ធទៅនឹងជំងឺកូវីដ-១៩នេះ ក្រសួងសុខាភិបាលនឹងជម្រាបជូនសាធារណៈជនឲ្យបានជ្រាបជាមិនខានឡើយ។ នេះជាបន្ថែមរបស់លោកស្រី ឱ វណ្ណឌីន។