ម៉ា​ឡេ​ស៊ី ដោយសារ​តែ​វីរុស​កូ​វី​ដ​១៩​រាតត្បាត ធ្វើ​ឲ្យ​ប្រទេស​នេះ បាន​អនុវត្ដ​វិធានការ​បិទ​ក្នុង​ស្ថានភាព​គ្រាអាសន្ន ដោយ​កំណត់​ឲ្យ​ប្រជាជន​ស្នាក់​នៅ​ក្នុងផ្ទះ និង​កន្លែង​អាជីវកម្ម​មួយ​ចំនួន ក៏​ត្រូវ​បាន​ផ្អាក ចាប់តាំងពី​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២០ ។

រយៈពេល​បិទ​ជិត ២​ខែ កម្ល​ង​មកនេះ ថ្មី​ៗ​នេះ​នៅ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​ចែករំលែក​នូវ​រូបភាព​ជា​ច្រើន​សន្លឹក ចេញពី​ហាង​មួយ​កន្លែង ដែល​មាន​ទីតាំង​ស្ថិត​នៅ​រដ្ឋ Sabah បង្ហាញ​ឲ្យ​ឃើញ​ពី កាបូប ស្បែកជើង និង​ខ្សែ​ក្រ​វ៉ា​ត់ ដែល​សុទ្ធសឹងតែ​ដុះ​ផ្សិត​ពេញ ។

យ៉ាងណាមិញ បើ​ក្រឡេក​ទៅ​មើល​កៅអី នៅ​ក្នុង​រោងកុន ក៏​មិន​ខុស​គ្នា​ដែរ គឺ​តួ​កៅអី​ទាំងស្រុង ត្រូវ​ផ្សិត​ពណ៌​ស ដុះ​ពាសពេញ​តែ​ម្ដង ដែល​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ភាគច្រើន អះអាង​ថា រោងកុន​នេះ​មាន​ទីតាំង​ស្ថិត​នៅ​ទីក្រុង Ipoh នៃ​រដ្ឋ Perak ។

ចំពោះ​ផ្សិត​ទាំងនេះ​ដែរ អាច​បង្ក​គ្រោះថ្នាក់​យ៉ាងធ្ងន់ធ្ងរ​ដល់​សុខភាព ប្រសិនបើ​គ្មាន​ការ​សម្អាត​ឲ្យ​បាន​ត្រឹម​ត្រូវជា​មុន​នោះ​ទេ ។ ផ្សិត​អាច​បង្ក​បញ្ហា​ដល់​ប្រព័ន្ធ​ផ្លូវដង្ហើម ក៏​ដូច​ជា​រលាក​ស្បែក ច្រមុះ បំពង់ក និង​សួត​ជាដើម ។ លើស​ពី​នេះ​ទៀត វា​នឹង​បង្ក​ជា​កណ្ដាស់ ហៀរ​សំបោរ ភ្នែក​ឡើង​ក្រហម និង​កន្ទួល​ស្បែក ហើយ​ជា​ពិសេស​វា​នឹង​វាយប្រហារ​ខ្លាំង​ទៅ​លើ​អ្នក​កើត​ជំងឺហឺត​តែ​ម្ដង ៕