រាជធានីភ្នំពេញ៖ ក្រៅពីការអំពាវនាវឲ្យពលរដ្ឋបន្តខិតខំរួមគ្នាប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីត១៩ លោកហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានលើកឡើងផងដែរថា
យើងអាចភ្លេចមេរោគជម្ងឺកូវីត១៩ តែជម្ងឺកូវីត១៩ វាមិនភ្លេចយើងទេ។

លោក ហេង រតនា បានលើកឡើងតាមគេហទំព័រហ្វេសប៊ុកនាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នេះថា នៅបណ្តាប្រទេសនៅលើសកលលោកបាននិងកំពុងឆ្លងមានចំនួន 4,252,303 នាក់ហើយ ស្លាប់មានចំនួន 287,133 នាក់ និងជាសះស្បើយ មានចំនួន 1,525,888នាក់ មានន័យថា អ្នកដែលបានដឹងថាកំពុងមានមេរោគជម្ងឺកូវីត១៩ក្នុងខ្លួនគឺមានចំនួន 2,439,282នាក់ ។ ដោយឡែកប្រទេសក្នុងតំបន់ដូចជា ប្រទេសស៊ីងហ្គាព័រឆ្លងថ្មីជិត៥០០នាក់ ប្រទេសឥណ្ឌូនេស៊ីជាង២០០នាក់ និងប្រទេសហ្វឺលីពីនមានចំនួនជិត៣០០នាក់ ដែលជាចំនួនឆ្លងថ្មីក្នុងពេលតែមួយថ្ងៃ (ថ្ងៃទី១១ ខែឧសភា) (នេះបើ យោងតាម ការចុះផ្សាយរបស់worldometer គិតត្រឹមថ្ងៃទី១២ ខែឧសភានេះ)។ មានន័យថាមេរោគកូវីត១៩ កំពុងតែសកម្មឆ្លងខ្លាំងក្លានិងនៅតែធ្ងន់ធ្ងរ។

មេស៊ីម៉ាក់បានសង្កត់ធ្ងន់ដោយបានបញ្ជាក់ថា “កម្ពុជាទទួលបានជោគជ័យមួយផ្នែកនៃសមភូមិ ប្រយុទ្ធប្រឆាំងកូវីត១៩នេះ តែសង្គ្រាមប្រយុទ្ធប្រឆាំងជម្ងឺកូវីត១៩នេះ មិនទាន់បញ្ចប់ទេ ចៀសវាងប្រកាសសន្តិភាពដោយខ្លួន ឯង ដោយក្រុមខ្លួន! គម្បីស្តាប់មន្ត្រីជំនាញនៃក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក! ការធ្វេសប្រហែសភ្លេចខ្លួន ឬយល់ថាយើងកំពុងមានសុខសុវត្ថិភាពពីជម្ងឺកូវីត១៩ វាជាកំហុសឆ្គងដែលនាំដល់គ្រោះថ្នាក់ធ្ងន់ធ្ងរដល់ខ្លួនឯង គ្រួសាររបស់ខ្លួន សហគមន៍របស់ខ្លួន និងសង្គមជាតិខ្លួនឯង”។

សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០នេះកម្ពុជាបានព្យាបាល អ្នកជំងឺកូវីត១៩ ជាសះស្បើយសរុប១២១នាក់ហើយ ចំណែកអ្នកកំពុងសម្រាកព្យាបាលធ្លាក់ចុះមកត្រឹមចំនួនម្នាក់ នៃអ្នកឆ្លងសរុប១២២នាក់៕