ខេត្តព្រះសីហនុ៖ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានចុះបង្រ្កាបករណីជួញដូរ និងរក្សាទុកដោយខុសនូវសារធាតុញៀនមួយកន្លែង ឃាត់ខ្លួនជនសង្ស័យម្នាក់ កាំភ្លើងខ្លី២ដើម និងគ្រឿងញៀនមួយចំនួន។

ការចុះបង្រ្កាបនេះ នៅចំណុចចំការខ្នុរ ក្នុងភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០២០ វេលាម៉ោង១៤និង៤០នាទី ។

ជនសង្ស័យ ឈ្មោះប៊ុន មីដូ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាអ្នកបើកបរ ស្នាក់នៅភូមិឃុំខាងលើ ដកហូតវត្ថុតាង រួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន ១០កញ្ចប់ (ធំ ០៦កញ្ចប់ តូច ០៤កញ្ចប់) ,ទូរស័ព្ទដៃ ០៣គ្រឿងម៉ាក (OPPO ចំនួន ០២គ្រឿងពណ៌ខ្មៅ និង iPhone ចំនួន ០១គ្រឿងពណ៌ប្រផេះ) និងកាំភ្លើងខ្លីចំនួន ០២ដើម (ម៉ាករ៉ូឡូ បាញ់គ្រាប់ពិតចំនួន០១ដើម គ្រាប់ចំនួន ១០គ្រាប់ និងម៉ាកLook ប្រើហ្គាសចំនួន ០១ដើម)។

ជនសង្ស័យ ត្រូវកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ និងស្រាវជ្រាវមុខសញ្ញាពាក់ព័ន្ធករណីគ្រឿងញៀននេះបន្តទៀត៕