ខេត្តព្រះសីហនុ៖ រថយន្តធុនធំមួយគ្រឿងបើកតាមផ្លូវបេតុងចុះពីចំណោត ទំនងជាដោយសាររថយន្តដាច់ហ្វ្រាំង ក៍ជ្រុលចង្កូតទៅបុកចូលផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នង និងឃ្លាំងរថយន្តមួយកន្លែងទៀត បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោងជិត២រសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ស្ថិតក្នុងសង្កាត់០៤ ក្រុងព្រះសីហនុ។

ផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នង និងឃ្លាំងដែលរថយន្តបង្កបុកចូលនោះ រួមមាន៖ ទី១.ផ្ទះជួសជុលម៉ូតូ ម្ចាស់ផ្ទះឈ្មោះចាន់ ឃឹម ភេទស្រីអាយុ៣៩ឆ្នាំ ខូចខាតផ្ទះ និងខូចខាតម៉ូតូចំនួន៣គ្រឿង ។ ទី២.ផ្ទះលក់នំបុ័ង ម្ចាស់ផ្ទះឈ្មោះខុន ស្រីវន អាយុ២០ឆ្នាំ ខូចខាតផ្ទះនិងខូចខាតទូដាក់នំ។ ទី៣.ផ្ទះជួល ម្ចាស់ផ្ទះឈ្មោះឆាង ហ្វុង ខូចខាតសម្ភារៈមួយចំនួន និងទី៤.ឃ្លាំងដាក់រថយន្ត ខូចខាតឃ្លាំងនិងខូចខាតទូកុងតឺនរ័មួយគ្រឿង ។

មុនពេលកើតហេតុ គេឃើញរថយន្តធុនធំមួយគ្រឿងពាក់ស្លាក លេខព្រះសីហនុ3A-3000 បើកតាមផ្លូវបេតុងចុះពីចំណោតឃ្លាំងលើ មកអូ២ ទំនងជាដោយសាររថយន្តដាច់ហ្វ្រាំង ស្រាប់តែជ្រុលចង្កូតទៅបុកចូលផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នង និងឃ្លាំងរថយន្តមួយកន្លែងទៀត បណ្តាលឲ្យអ្នករួមដំណើរនៅលើរថយន្តម្នាក់រងរបួសមធ្យម និងម្ចាស់ផ្ទះខ្លះរងរបួសតិចតួចប៉ុណ្ណោះ មិនមានមនុស្សរងគ្រោះថ្នាក់ដល់ជីវិតទេ។

ក្រោយពេលកើតហេតុ អ្នកបើករថយន្តបង្កបានរត់គេចខ្លួនបាត់ នៅសល់តែអ្នករួមដំណើរលើរថយន្តម្នាក់ ឈ្មោះចាប ម៉ាក់ ភេទប្រុស អាយុ៦០ឆ្នាំ រងរបួសមធ្យម។ រថយន្តបង្កសមត្ថកិច្ចស្ទួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រង់ចាំធ្វើការដោះស្រាយតាមនីតិវិធី៕