ភ្នំពេញ ៖ អាជ្ញាធរថៃ បានសម្រេចដោះលែងពលករខ្មែរចំនួន១៤នាក់ ក្នុងចំណោម១៧នាក់ ដែលពួកគេនៅតែចចែសបំពានបំរាមរបស់រាជរដ្ឋាភិបាលថៃ ដែលមិនអនុញ្ញាតឱ្យសេពគ្រឿងស្រវឹងអំឡុងបុណ្យចូលឆ្មាំថ្មី ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ។

ការដោះលែងនេះធ្វើឡើងក្រោយពលករខ្មែរចំនួន១៤នាក់នេះយល់ព្រមបង់ប្រាក់ពិន័យ ក្នុងម្នាក់ៗចំនួន៤ម៉ឺនបាត ឬស្មើជាង១២០០ដុល្លារ សម្រាប់មនុស្សម្នាក់ៗ ។ រីឯ៣នាក់ទៀតដែលគ្មានលុយត្រូវបានអាជ្ញាធរថៃបញ្ជូនទៅតុលាការ។

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស អះអាងថា ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ កំពុងតាមដានករណីពលរដ្ឋខ្មែរ ៣នាក់ទៀត ដែលអាជ្ញាធរថៃបញ្ជូនទៅតុលាការ។ លោកយល់ថា យ៉ាងណាក៏ដោយ តុលាការថៃ នឹងមិនដាក់ទោសទណ្ឌដល់ពួកគាត់ទេ ហើយអាចនឹងសម្រេចឲ្យពលរដ្ឋខ្មែរទាំង៣រូបនោះ បង់ប្រាក់ពិន័យតែប៉ុណ្ណោះ។

សូមរំលឹកថា កាលពីអំឡុងបុណ្យចូលឆ្មាំថ្មីប្រពៃណីខ្មែរកន្លងទៅនេះ ពលករខ្មែរសរុប១៧នាក់នៅប្រទេសថៃ បាននាំគ្នាផឹកស៊ី ហើយសើចសប្បាយហ៊ោកញ្ជ្រៀវ ព្រមទាំងថតសំញែងបង្ហោះតាម Facebook ថែមទៀត ត្រូវបានសមត្ថកិច្ចខេត្តផាធុមថានី ប្រទេសថៃ ចាប់ខ្លួនពាក់ព័ន្ធនឹងបញ្ហាល្មើសបំរាមប្រទេសថៃ ដែលមិនអនុញ្ញាតឱ្យសេពគ្រឿងស្រវឹងអំឡុងបុណ្យចូលឆ្មាំថ្មី ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ៕