ខេត្តកំពង់ចាម៖ ផ្ទះវេរលុយWing មួយកន្លែង ត្រូវជនសង្ស័យមួយក្រុមប្រើល្បិចចូលលួចប្រាក់អស់ចំនួន៣ម៉ឺនដុល្លារ បានសម្រេច រួចនាំគ្នាគេចខ្លួនបាត់អស់ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ នៅភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ។

ជនរងគ្រោះឈ្មោះ ស្រ៊ុនវ៉ានថាន ភេទប្រុស អាយុ៣៨ឆ្នាំ ជាតិខ្មែរ និងប្រពន្ធឈ្មោះ នីម តូនីតា អាយុ២៨ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិឃុំខាងលើ។

ជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ គាត់កំពុងតែរវល់លក់ដូរ និងវេលុយ(វីង)ឲ្យភ្ញៀវនៅផ្ទះ ស្រាប់តែមានមនុស្សស្រីម្នាក់បានជិះម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ មិនចាំសេរី ពណ៌ខ្មៅ មិនចាំស្លាកលេខ ស្លៀកខោអាវឈុត ពណ៌ក្រហម ផ្កាពណ៌ស បានមកឈប់ចាក់សាំងខ្លួន ចំនួន៤លីត្រ ដោយឲ្យនយកសាំងមកចាក់ម្តង២លីត្រ ពេលនោះក៏មានបក្ខពួកម្នាក់ទៀត ស្លៀកខោខាវប៊យជើងវែង ពាក់អាវយឺតដៃវែង ពណ៌ខ្មៅ ពាក់មួកប៉ារ៉េ ពណ៌ខ្មៅ ពាក់ម៉ាស់ បានដើរចូលមកក្នុងបន្ទប់វេលុយ(វីង)របស់គាត់ យកលុយរបស់ខ្លួននៅក្នុងថតតុ សំរាប់ទុកវេឲ្យភ្ញៀវអស់ចំនួនបីម៉ឺនដុល្លាអាមេរិក ក្នុង ខណៈគាត់កំពុងនៅចាក់សាំងស្រីជាបក្ខពួករបស់វានៅមុខផ្ទះ ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលស្រុកកំពង់សៀម សហការជាមួយកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រអាង ចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវតាមកាមេរ៉ាសុវត្ថិភាព និងរៀបចំឯកសារតាមជំនាញ ដើម្បីស្រាវជ្រាវរកមុខសញ្ញា ៕