រាជធានីភ្នំពេញ​ ៖​ នាយរងផ្នែក​ប្រឆាំង​គ្រឿងញៀន ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ឈ្មោះ កែវ រដ្ឋ​វិទ្យា អាយុ​២៩​ឆ្នាំ ត្រូវ​បាន​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ​នៃ​ក្រសួងមហាផ្ទៃ ចាប់ខ្លួន​បាន​ហើយ កាលពី​រសៀល​ថ្ងៃម្សិលមិញ​នេះ នៅ​ខេត្តកំពត ខណៈ​បក្ខពួក​២​នាក់ទៀត កំពុង​រត់គេច​ខ្លួន ។

បើតាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ឈ្មោះ កែវ រដ្ឋ​វិទ្យា ជា​ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​រៀបរាប់​ថា នៅ​ថ្ងៃ​ទី​២៥ មេសា ខ្លួន​និង​បក្ខពួក​២​នាក់ទៀត បាន​ទៅ​ផឹក​ស៊ីនៅមុខ សូ​រិ​យាម៉​ល រហូត​ដល់​ម៉ោង​៣​ទៀប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​២៦ មេសា ស្រាប់តែ​ជន​រង​គ្រោះ​ឈ្មោះ ណែម ហឿ​ង ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន បាន​មក​សួរ​ខ្លួន​ថា «​ត្រូវការ​ទិញ​គ្រឿងញៀន​ដែរ​ឬទេ​»​? ។ ភ្លាម​នោះ ពួក​ខ្លួន​ក៏​មាន​គោលបំណង​ចង់​ចាប់​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​នោះ ហើយ​ក៏​យល់ព្រម​ទិញ​គ្រឿងញៀន​១​កញ្ចប់ តម្លៃ​៣០​ដុល្លារ ។

​ជនសង្ស័យ កែវ រដ្ឋ​វិទ្យា ​សារភាពបន្តថា​ ក្រោយ​ពី​បាន​ទទួល​គ្រឿងញៀន​១​កញ្ចប់ ពី​ឈ្មោះ ហែម ហឿ​ង រួច​ហើយ ពួក​ខ្លួន​ក៏​រក​លេស​ថា គ្រឿងញៀន​នេះ​មិន​គ្រប់​ទេ រួច​ក៏​អោយ​យក​ថ្នាំ​ញៀន​ទៅ​វិញ និង យក​ថែម​១​កញ្ចប់​ទៀត ។ ពេល​យក​ថ្នាំ​ញៀន​ទៅ​វិញ គឺ មិនឃើញ​ឈ្មោះ ណែម ហឿ​ង ត្រឡប់​មក​វិញ​ទេ ពួក​ខ្លួន​ក៏​ទៅ​តាម​ហើយ​អោយ​សហការ​ជាមួយ ដើម្បី​ហៅ​អ្នកលក់​ថ្នាំ​ញៀន​មក​វិញ តែ​ឈ្មោះ ណែម ហឿ​ង មិន​ព្រម​សហការ​ដោយ​ព្យាយាម​គេចវេស ។ ឃើញ​ដូច្នោះ បក្ខពួក​ខ្លួន​បាន​ចូល​ទៅ​ចាប់​ឈ្មោះ ណែម ហឿ​ង ហើយ​ខ្លួន​ក៏​ដក​កាំភ្លើង​អាវុធ​ខ្លី​ម៉ាក K54 ចេញពី​កាបូបស្ពាយ​ភ្ជង់​ទៅ​លើ​ឈ្មោះ ណែម ហឿ​ង ដោយ​មិន​បាន​ប្រយ័ត្ន​ក៏​ផ្ទុះ​ចំ​ជន​រង​គ្រោះ ពី​គូទ​ធ្លាយ​ដល់​ប្លោក​នោម តែ​ម្តង ។

ទោះជាយ៉ាងណា បច្ចុប្បន្ន ​ជន​រង​គ្រោះ​កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត នៅឡើយទេ ។

សូមរម្លឹកថា តាម​ចាប់ខ្លួន​មន្ត្រី​នគរបាល​ដែល​បាញ់​បុរស​ម្នាក់ នៅ​ខណ្ឌដូនពេញ រួចរ​ត់គេចទៅ​ខេត្តកំពត