ខេត្តកណ្តាល៖ ជនប្រមឹកម្នាក់ ក្រោយត្រឡប់មកពីផឹកស៊ីវិញដល់ផ្ទះបានស្រែកឡូឡារករឿងគេឯង ហើយស្ទុះទៅចាប់ច្របាច់កបងជីដូនមួយជិតដាច់ខ្យល់ស្លាប់ លុះអ្នកចូលទៅជួយ ត្រូវជនប្រមឹកនោះវាយ បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ទៀត។

ករណីអំពើហិង្សានេះ បានកើតឡើង កាលពីវេលាម៉ោង១៨ និង៣០នាទី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ នៅក្នុងភូមិថ្មី ឃុំទួលព្រេជ ស្រុកអង្គស្នួល ។

ជនរងគ្រោះ ទី១-ឈ្មោះប៊ុត វន ភេទប្រុស អាយុ៧៣ឆ្នាំ មុខរបរកសិករ នៅភូមិថ្មី ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ទី២-ឈ្មោះផល់ យ៉ាន ភេទស្រី អាយុ៤៣ឆ្នាំ មុខរបរលក់ដូរ នៅភូមិថ្មី ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ចំណែក ជនដៃដល់មានឈ្មោះថៃ សារាជ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ នៅភូមថ្មី ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានផឹកស្រាស្រវឹងឡើងស្រវឹងជោកជាំជាមួយបនភឿន ។ លុះពេលមកដល់ផ្ទះបានស្រែកឡូឡារករឿងស្រ្តីរងគ្រោះឈ្មោះផល យ៉ាន នៅផ្ទះក្បែរគ្នា ហើយបានស្ទុះទៅចាប់ក្របាច់កជនរងគ្រោះជិតដាច់ខ្យល់ស្លាប់ រួចរុញដួលទៅលើសាបថ្ម។ ពេលឃើញដូចនេះជនរងគ្រោះឈ្មោះប៊ុត វន គាត់បានរត់ចូលទៅជួយឃាត់ត្រូវជនសង្ស័យរុញច្រានដួលហើយ វាយពីក្រោយត្រូវកញ្ចឹងក៤ដៃ បណ្តាលឲ្យរងរបួសជាំប៉ោងកញ្ចឹងកពីក្រោយ។

ក្រោយកើតហេតុ ជនរងគ្រោះឈ្មោះមុត វន ត្រូវបានក្រុមគ្រួសារយកទៅសម្រាក ព្យាបាលនៅមណ្ឌលសុខភាពទួលព្រេជ ។ ជនដៃដល់ត្រូវសមត្ថកិច្ចធ្វើការចាប់ខ្លួននាំទៅចាត់ការតាមផ្លូវច្បាប់៕