រាជធានី​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២០ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ហ៊ឹ​ម យ៉ា​ន អគ្គស្នងការ​រង ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង និង ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បន្ត​អញ្ជើញ​ចូលរួម​ដឹកនាំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តី​ពី​ការ​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដល់​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ដែល​ត្រូវ​ចូលរួម​ផ្ទាល់​ក្នុង​ការ​ចាប់ផ្តើម​រឹត​បន្តឹង​អនុវត្ត​ចរាចរណ៍ ចាប់ពី​ថ្ងៃ​ទី​០១ ខែឧសភា ឆ្នាំ​២០២០ ។

ឯកឧត្តម នាយ​ឧត្តមសេនីយ៍ អគ្គស្នងការ​រង និង​ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការ​រង និង​ជា​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ផ្តល់​ជា​មតិ​ណែនាំ​ល្អ​ៗ​ជា​ច្រើន​ដល់​អង្គពិធី​ទាំងមូល ដើម្បី​យក​ទៅ​អនុវត្ត​កិច្ចការ​រឹត​បន្តឹង​នេះ​ឲ្យ​មាន​លក្ខណ​:​រលូន និង​ប្រកបដោយ​ការ​ជោគជ័យ​ខ្ពស់ ។

ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម​ស្នងការ បាន​ផ្តល់​មតិ​ណែនាំ​ជា​មតិ​ល្អជា​ច្រើន​ដល់​មន្ត្រី​ដែល​ត្រូវ​ចុះ​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដែល​ចាប់ផ្តើម​ពី​ថ្ងៃ ទី​០១ ខែឧសភា ឆ្នាំ​២០២០ ៖

១. ត្រូវ​រៀបចំ​ខ្លួន​ឲ្យ​បាន​ស្អាត ស្លៀកពាក់​ឲ្យ​បាន​សមរម្យ និង​កាត់សក់​ខ្លី​ជា​និច្ច ។
២. ត្រូវ​មាន​សីលធម៌ គុណធម៌ អាកប្បកិរិយា និង​ប្រើប្រាស់​សំដី​ឲ្យ​បាន​សមរម្យ ជា​ពិសេស​គ្រប់ពេល​ត្រួតពិនិត្យ​ត្រូវ​ធ្វើការ​គោរព​ជា​និច្ច ។
៣. ត្រូវ​ពាក់អាវ​ពន្លឺ ពាក់​ភ្លើង​បំភ្លឺ​នៅ​លើ​ស្មា និង​ពិល ។ ល ។
៤. ត្រូវ​ពាក់​ម៉ាស់ ស្រោមដៃ និង​លាងដៃ​ជាមួយ​ទឹក​អាល់កុល​ជា​ប្រចាំ ។
៥. តាម​គោលដៅ​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍ នឹង​មាន​ក្រុម​គ្រូពេទ្យ​ការិយាល័យ​សុខាភិបាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចុះ​ត្រួតពិនិត្យ និង​តាមដាន​ជា​ប្រចាំ​របស់​សុខភាព​មន្ត្រី​ដែល​ចុះ​អនុវត្ត​ច្បាប់​នេះ ។

ឯកឧត្តម អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​សង្កត់ធ្ងន់​ថា ដោយ​ក្នុង​ឆ្នាំ​២០១៩ កំណើន​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បណ្តាល​ឲ្យ​រង​របួស ស្លាប់ មានការ​កើនឡើង​ខ្ពស់​គួរ​ឲ្យ​បារ​ម្ម​ណ៍ ។ ម្យ៉ាងវិញទៀត​ដោយ​ក្នុង​ឆ្នាំ​២០១៩ សមត្ថកិច្ច​តែងតែ​មានការ​យោគយល់​ច្រើន ដោយ​តែងតែ​ធ្វើការ​ណែនាំ អប់រំ ប៉ុន្តែ​ដោយ​កំណើន​គ្រោះថ្នាក់​នៅ​ឆ្នាំ​២០១៩ ដូច្នេះ​ហើយ​ក្នុង​គោលបំណង​ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ក៏​ដូច​ជា​កាត់​បន្ថយ​ការ​រង​របួស ការ​ស្លាប់ និង​ខូចខាត​ទ្រព្យសម្បត្តិ របស់​ប្រជាពលរដ្ឋ ។

គោលបំណង​សំខាន់​ក្នុង​ការ​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​នេះ គឺ​ដើម្បី ការពារ​អាយុជីវិត និង​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ កាត់​បន្ថយ​ការ​ស្លាប់ ការ​រង​របួស ពិការ ។​ល​។

ឯកឧត្តម​ស្នងការ ក៏​បាន​ធ្វើការ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ការ​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​នេះ ត្រូវ​តែ​អនុវត្ត​ឲ្យ​បាន​ស្មើភាព​គ្នា ទាំង​ប្រជាពលរដ្ឋ​សាមញ្ញ អ្នកធំ អ្នកក្រ អ្នកមាន ឲ្យ​តែ​ខុសច្បាប់​ត្រូវ​អនុវត្ត​ដូច​ៗ​គ្នា ៕