រាជធានី​ភ្នំពេញ ៖ គណៈសង្ឃ​នាយក ទាំង​២​គណៈ សម្តេចព្រះ​មហាសង្ឃរាជ ទេព វង្ស និង​សម្តេចព្រះ​សង្ឃនាយក ន​ន្ទ ង៉ែត បាន​ចេញ​លិខិត​មួយ​ច្បាប់ “​លេខ​ពិសេស​” សូម​ចម្រើនពរ​ជូន ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ស្តី​ពី​ការ​ណែនាំ​ដល់​សាស្ត្រាចារ្យ ឡុ​ង សា​រិ​ន បង្រៀន​នៅ​ក្រុមហ៊ុន E-School Cambodia ដែល​ការ​បង្រៀនអក្សរ​សាស្ត្រ​ខ្មែរ របស់​សាស្ត្រាចារ្យ​រូប​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តម្លៃ​ព្រះសង្ឃ​គណៈមហានិកាយ​យ៉ាងធ្ងន់ធ្ងរ ។

យោង​តាម​លិខិត​របស់​គណៈសង្ឃ​នាយក ចុះ​ថ្ងៃ​ទី​២៨ មេ​សា ២០២០ បានដឹង​ថា សាស្ត្រាចារ្យ​ឡុ ង សា​រិ​ន បាន​បង្រៀន​តាម​អន​ឡាញ​ដល់​សិស្សានុសិស្ស ត្រង់​ចំណុច​ប្រៀបធៀប​រវាង ព្រះសង្ឃ​គណៈមហានិកាយ និង​ព្រះសង្ឃ​គណៈធម្មយុត្តិកនិកាយ ដោយ​ក្នុង​នោះ​បង្ហាញ​ពី​ការ​បន្តុះបង្អាប់​ដល់​បាតាល និង​លើក​ម្ខាង​ដល់​កំពូល ដែល​ផ្ទុយ​ទៅ​នឹង​ភាព​ពិត​ជាក់ស្ដែង​នា​ពេល​បច្ចុប្បន្ន ។ ឧទាហរណ៍​គាត់​លើក​ឡើង​ថា ព្រះសង្ឃ​គណៈធម្មយុត្តិកនិកាយ​ប្រព្រឹត្ត​វិន័យ​តឹងរ៉ឹង ដូច​លោក​ធុតង្គ មិន​កាន់​លុយ ទោះ​ក្នុង​សម័យ​គេ​មាន​លុយ​ក៏​ដោយ មិន​ប្រើ​ទូរស័ព្ទ និង​មិន​ពាក់​ស្បែកជើង​ជាដើម ហើយ​ប្រើ​សម្ដី​ឡកឡឺយ​បន្តុះបង្អាប់ នឹង​ដាក់​បន្ទាប​ព្រះសង្ឃ​គណៈមហានិកាយ​ស្មើដោយ​បព្វជិត គ្មាន​វិន័យ ប្រព្រឹត្ត​ធូររលុង ប្រាសចាក​ធម៌​វិន័យ​របស់​ខ្លួន ហាក់ដូចជា​អាក្រក់​ណាស់ ពិបាក​នឹង​គោរព ។ ការណ៍​នេះ គណៈសង្ឃ​ពុទ្ធសាសនា​កម្ពុជា យល់​ឃើញ​ថា​ការ​បង្រៀន​របស់​សាស្ត្រាចារ្យ​រូប​នេះ ត្រង់​ចំណុច​ប្រៀបធៀប​ព្រះសង្ឃ​ទាំង​ពីរ​គណៈ​គ្មាន​មូលដ្ឋាន​ពិតជា ខ្វះ​សុចរិត​ភាព ខ្វះ​ការ​ស្រាវជ្រាវ​ស៊ីជម្រៅ គ្មាន​វិជ្ជាជីវៈ ជា​គ្រូបង្រៀន គ្មាន​យុត្តិធម៌ គ្មាន​សច្ចធម៌​ការ​សន្និដ្ឋាន​ខុស​ស្ថានភាព​ពិត ផ្ទុយ​នឹង​គោលការណ៍​របស់​រាជរដ្ឋាភិបាល ស្ដី​ពី​សុខដុម​នី​យ​កម្ម​សាសនា ដែល​គណៈសង្ឃ​មហានិកាយ​ពុំ​អាច​ទទួលយក​បាន​ឡើយ ។ សួរ​ថា តើ​ក្នុង​ប្រទេស​កម្ពុជា នា​ពេល​បច្ចុប្បន្ន​នេះ មាន​វត្ត​ណាមួយ ដែល​ព្រះសង្ឃ​ធម្មយុត្តិ មិន​កាន់​លុយ​មិន​ប្រើ​ទូរស័ព្ទ និង​មិន​ពាក់​ស្បែកជើង​នោះ ? ម្យ៉ាងទៀត​ការ​បង្រៀន​ប្រកបដោយ​កំហុសឆ្គង​នេះ ពិតជា​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ដល់​ផ្នត់ គំនិត​យុវជន​គ្រប់​ជំនាន់ និង​ពុទ្ធបរិស័ទ ទូទៅ ដែល​ធ្វើ​ឲ្យ​មានការ​យល់​ច្រឡំ និង​អាច​មានការ​រើសអើង​លើ​ព្រះសង្ឃ​គណៈមហានិកាយ​ទៀត​ផង ។

ជុំវិញ​ករណី​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ព្រឹក​ថ្ងៃ​ទី​២៩ មេ​សា​នេះ បាន​ចេញ​លិខិត ករណី​សំណើសុំ​ធ្វើការ​ណែនាំ​ដល់​សាស្ត្រាចារ្យ ឡុ​ង សា​រិ​ន បង្រៀន​នៅ​ក្រុមហ៊ុន E-School Cambodia ។

ក្រសួង​អប់រំ យុវជន និង​កីឡា បញ្ជាក់​ថា លោកគ្រូ ឡុ​ង សា​រិ​ន គឺជា​សាស្ត្រាចារ្យ​ចូល​និវត្តន៍​ម្នាក់ ដែល​កំពុង​បង្រៀន​នៅ​តាម​សាលា​ឯកជន និង​បាន​ថត​វី​ដេ​អូ​សម្រាប់​ក្រុមហ៊ុន E-School Cambodia​។ វី​ដេ​អូ​ដែល​បង្រៀន​ដោយ​លោកគ្រូ ឡុ​ង សា​រិ​ន មិន​បាន​ឆ្លងកាត់​ការ​ពិនិត្យ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​ឡើយ ជា​ហេតុ​បង្កើត​ឱ្យ​មាន​អធិករណ៍ ៕