រាជធានីភ្នំពេញ ៖ ពលករខ្មែរចំនួន៣នាក់ ក្នុងចំណោម១៧នាក់ ដែលនាំគ្នាជួបជុំផឹកស៊ីសប្បាយ ល្មើសបម្រាម ទប់ស្កាត់ជំងឺកូវីដ១៩ របស់អាជ្ញាធរថៃ កាលពីអំឡុងបុណ្យ ចូលឆ្នាំខ្មែរនោះ ត្រូវបានអាជ្ញាធរថៃ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ។

លោកកុយ គួង អ្នកនាំពាក្យ ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា «ខ្ញុំសូមបញ្ជាក់ផងដែរ កន្លងមក ដែលគេប្រកាសដាក់ប្រទេស ក្នុងគ្រាមានអាសន្ននេះ គេហាមមានការជួបជុំគ្នាច្រើន ហើយកន្លងមកនេះពលរដ្ឋយើង១៧នាក់ ត្រូវបានឃាត់ខ្លួន ដោយសារគាត់ជួបជុំ ទទួលទានគ្រឿងស្រវឹង ហើយក្នុងច្បាប់ថៃ កាលណាបំពានច្បាប់ គេត្រូវតែបង់ពិន័យ ហើយពិន័យតាមខ្ញុំដឹង ៤ម៉ឺនបាត ដូច្នេះក្នុងចំណោម ១៧នាក់នេះ ១៤នាក់ បានបង់រួច ហើយត្រូវបានដោះលែង ឲ្យមកកន្លែងស្នាក់នៅវិញ រីឯ ៣នាក់ទៀត នៅតែមិនព្រមបង់ ដូច្នេះគេរៀបចំនីតិវិធីទៅតុលាការ» ។

លោកបន្តថា ស្ថានទូតកម្ពុជាប្រចាំនៅថៃ កំពុងតែតាមដានរឿងនេះ ប៉ុន្តែទោះបីជាយ៉ាងណា លោកយល់ថា បើតុលាការថៃ សម្រេចយ៉ាងណា ក៏ប្រហែលមិនហួសពី៤ម៉ឺនបាតដែរ ។

សូមរំលឹកថា កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០កន្លងទៅ អាជ្ញាធរថៃ បានឃាត់ខ្លួនពលករខ្មែរចំនួន១៧នាក់ ដែលនាំគ្នាជួបជុំផឹកស៊ីបំពានបម្រាមហាមឃាត់ មិនឲ្យមានការជួបជុំគ្នា ក្នុងដំណាក់កាល ដែលថៃកំពុងប្រយុទ្ធប្រឆាំង ជាមួយជំងឺកូវីដ-១៩ ។