ខេត្តសៀមរាប៖ ប្រាសាទតាព្រហ្មត្រូវបានគេស្គាល់ជាទូទៅថា ជាប្រាសាទដែលសម្បូរដើមឈើធំៗដុះក្នុងបរិវេណប្រាសាទ។ ដ្បិតថា ដើមឈើទាំងនោះជាទីទាក់ទាញដល់ភ្ញៀវទេសចរ តែវាក៏ជាប្រភពនៃហានិភ័យដល់ប្រាសាទផងដែរ ព្រោះដើមឈើទាំងនោះអាចដួលរលំដោយសារកត្ដាធម្មជាតិផ្សេងៗដែលក្នុងនោះមានដូចជាខ្យល់ជាដើម។

នៅពេលដែលដើមឈើទាំងនោះដួលលើប្រាសាទ ការងារដែលយកដើមឈើចេញជាបញ្ហាប្រឈមខ្លាំងសម្រាប់ក្រុមការងារព្រៃឈើ ព្រោះប្រសិនបើការងារដកហូតដើមឈើចេញមិនបានត្រឹមត្រូវទៅតាមលក្ខណៈ បច្ចេកទេសនោះទេ វាអាចធ្វើឲ្យរបេះថ្មធ្លាក់មកយ៉ាងងាយ។ ដូច្នេះ ចាំបាច់ត្រូវមានបច្ចេកទេសខ្ពស់ក្នុងការដកហូតដើមឈើទាំងនោះចេញ។

លោកមាឃ បូរ៉ា មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន ជម្រាបអំពីបច្ចេកទេសទាំងនេះថា ការកាត់ដើមឈើធំៗដែលដួលគងលើប្រាសាទចាំបាច់ត្រូវរៀបចំរន្ទាឱ្យរឹងមាំនៅផ្នែកខាងក្រោម ហើយត្រូវកាត់ដើមឈើនោះជាចម្រៀកតូចៗបណ្ដោយសាច់ ដើម្បីសម្រាលទម្ងន់ និងងាយស្រួលលើកយកចេញ។ ការធ្វើបែបនេះ គឺអាចរក្សាសុវត្ថិភាពទាំងក្រុមការងារផង និងបញ្ជៀសការប៉ះពាល់ដល់ប្រាសាទផង៕