រាជធានីភ្នំពេញ៖ ខណៈការអនុវត្តច្បាប់តាមអនុក្រឹត្យថ្មី នឹងធ្វើឡើងថ្ងៃទី១ ខែក្រោយនេះដោយអ្នកល្មើសច្បាប់ចរាចរណ៍និងពិន័យខ្បស់ជាងមុនទ្វេដង នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច តេជោ ហ៊ុន សែនបានណែនាំពលរដ្ឋនិងយុវជន មុននឹងបើកបរត្រូវមានបណ្ណបើកបរពិតប្រាកដត្រឹមត្រូវ។

សម្តេចតេជោ បានលើកឡើងក្នុងហ្វេសប៊ុក នៅថ្ងៃ២៩ មេសានេះថា “ការរិតបន្តឹងច្បាប់ចរាចរណ៍គឺកំពុងដំណើរការនៅទូទាំងប្រទេស។ សូមបងប្អូនប្រជាពលរដ្ឋ ជាពិសេសក្មួយៗយុវជន មុននឹងបើកបររថយន្តត្រូវមានបណ្ណបើកបរពិតប្រាកដត្រឹមត្រូវ។ រីឯរថយន្តវិញត្រូវបង់ពន្ធ និងបង់ថ្លៃសេវាផ្សេងៗអោយបានត្រឹមត្រូវមុននឹងបញ្ជាយានយន្តនៅលើដងផ្លូវសាធារណៈ”។

សម្ដេចបន្តថា ការរិតបន្តឹងនេះ គឺដើម្បីធានាសុវត្ថិភាពអាយុជីវិតបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗដែលអាចបង្ករបួសស្នាមធ្ងន់ស្រាល រហូតដល់មានការបាត់បង់អាយុជីវិតទៀតផង។

សម្ដេចក៏បានបង្ហាញថា មិនចង់ឃើញករណីគ្រោះថ្នាក់ចរាចរណ៍កើតមាននៅក្នុងក្រុមគ្រួសាររបស់បងប្អូនណាម្នាក់ឡើយដូចនេះពលរដ្ឋ និងយុវជន បើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់ ជាមួយនឹងការយោគយល់ដល់គ្នាទៅវិញទៅមកដើម្បីសុខសុវត្ថិភាពទាំងអស់គ្នានៅទូទាំងប្រទេស៕