ខេត្តបាត់ដំបង៖ បុរសជនជាតិថៃម្នាក់ បានបង្កាត់ភ្លើងស្នេហ៍ជាមួយនារីខ្មែរ រហូតស្ម័គ្រស្មោះយកគ្នាជាប្រពន្ធប្តី ហើយនាំគ្នាមករស់នៅផ្ទះខាងប្រពន្ធ នៅចំណុចក្រុមទី០៣ ភូមិអូរប្រយុទ្ធ ឃុំអូររំដួល ស្រុកភ្នំព្រឹក ។ លុះពេលបុរសថៃរូបនេះ ផឹកស្រាស្រវឹងអត់មើលកូន ត្រូវប្រពន្ធជេរស្តីថា អាគេបាញ់ ស្រាប់តែធ្វើឲ្យបុរសជាប្តីតូចចិត្តស្អិតទ្រូង រហូតគិតខ្លីចង.ក ស្លាប់អាណោចអាធ័ម កាលពីវេលាម៉ោង២៣និង៤០នាទីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ។

នគរបាលស្រុកភ្នំព្រឹក បានឲ្យដឹងថា បុរសជនជាតិថៃ ដែលខឹងប្រពន្ធជេរ រហូតគិតខ្លីចង.កស្លាប់នេះ មានឈ្មោះសុរ៉ាឆៃ ចាន់សាង៉ាម ភេទប្រុស អាយុ២១ឆ្នាំ ជាជនជាតិថៃ មុខរបរកម្មក មានស្រុកកំណើតភូមិឡៃលឿ ឃុំឡៃតាយ ស្រុកភីប៊ុនមាំងសាហាន ខេត្តឧប៊ុនរ៉ាតចាថាននី ចំណែកនារីជាប្រពន្ធមានឈ្មោះ លៀង រ៉ាន អាយុ២៤ឆ្នាំ រស់នៅក្នុងមូលដ្ឋានខាងលើ ។

ប្រភពបន្តថា មុនពេលកើតហេតុ ជនរងគ្រោះផឹកស្រាស្រវឹងខឹងប្រពន្ធស្តីបន្ទោសថា មិនចេះមើលកូននិងជេរអាគេបាញ់ ស្រាប់តែធ្វើឲ្យជនរងគ្រោះគិតខ្លីរត់ទៅចង.កសម្លាប់ខ្លួន។ ក្រោយកើតហេតុ សមត្ថកិច្ចចុះពិនិត្យសពជនរងគ្រោះ។ ឆ្លងតាមការចុះត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ សមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះពិតជាចង.កសម្លាប់ខ្លួនពិតប្រាកដមែន។

សពជនរងគ្រោះត្រូវសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើពិធីបុណ្យតាមប្រពៃណី ៕