រាជធានីភ្នំពេញ៖ គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ (ផ្លូវអាស៊ានហាយវេលេខ១) ភាគខាងជើងសម្រេចបាន ៨០,០២% ភាគកណ្ដាលសម្រេចបាន ១៤,៩០% និងភាគខាងត្បូងសម្រេចបាន ២៣,៩០% គិតត្រឹមថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០។

យោងតាមក្រសួង សាធារណការ និង ដឹកជញ្ជូនបានឲ្យដឹងថា គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ (ផ្លូវអាស៊ានហាយវេលេខ១) មានប្រវែងសរុបចំនួន ៣៦៦ គីឡូម៉ែត្រ ឋិតក្នុងខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ជាគម្រោងក្រោមកម្ចីឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា ហើយការងារស្ថាបនាត្រូវបានបែងចែក ជាបីផ្នែក ធំៗរួមមាន៖ ផ្នែកខាងជើង ផ្នែកកណ្តាល និងផ្នែក ខាងត្បូង ដោយមានការពង្រីកកំណាត់ផ្លូវជាតិមានស្រាប់ពី២គន្លងទៅ៤គន្លង ទទឹង២៣ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូ (AC) និងមានសួរ ច្បារចំកណ្តាល។

១, ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) មានប្រវែងសរុប ៨៤,៧៤ គីឡូម៉ែត្រ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៦ មីនា ២០១៨ ការស្ថាបនាមាន រយៈពេល៣៦ខែ គិតត្រឹមថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ សម្រេចបាន ៨០,០២%ហើយ។ បច្ចុប្បន្នការអនុវត្តការងារស្ថាបនាបាន នឹងកំពុងធ្វើការក្រាល កៅស៊ូជាន់ទី២ នៅលើទីតាំងមួយចំនួន និងទីតាំងមួយចំនួនទៀតបានបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរជាបណ្តោះអាសន្នដើម្បីសម្រួលដល់ចរាចរណ៍ឆ្លងកាត់។ ថ្នាក់ដឹកនាំភូមិ ឃុំ ស្រុក និងបងប្អូនប្រជាពលរដ្ឋដែលបានធ្វើដំណើរឆ្លងកាត់យល់ឃើញថា ផ្លូវដែលទើបសាងសង់រួចនេះមានសភាពល្អ ងាយស្រួលបើកបរ ចំណេញពេលវេលា និងពិសេស ផ្តល់ភាពងាយស្រួលក្នុងការប្រកបរបររកស៊ីប្រចាំថ្ងៃ និងការដឹកជញ្ជូនទំនិញ និងផលិតផលកសិកម្ម ដូចជា ស្រូវ អង្ករ បន្លែ និងផ្លែឈើ។

២, ភាគកណ្តាលចាប់ពីធ្លាម្អម ដល់ បាត់ដំបង មានប្រវែងសរុប១៤៦,០៤ គីឡូម៉ែត្រ ទទឹងប្រវែង២៣ម៉ែត្រ ពី២គន្លងទៅ៤គន្លង ក្រាលកៅស៊ូAC កម្រាស់១៥សង់ទីម៉ែត្រ គ្រោងរយៈពេលស្ថាបនា ប្រមាណ៤២ខែ គិតត្រឹមថ្ងៃទី២៤ ខែ មេសា ឆ្នាំ២០២០នេះសម្រេចបាន ១៤,៥០% ហើយ។ គ្រប់ក្រុមហ៊ុនទទួលម៉ៅការសាងសង់ទាំងអស់បានគោរពអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមគោលការណ៍បច្ចេកទេស និងសុវត្ថិភាពការងារទាំងក្នុងនិងក្រៅការដ្ឋាន។

៣, ភាគខាងត្បូង ចាប់ពីព្រែកក្តាម (ខេត្តកណ្តាល) ដល់ធ្លាម្អម (ខេត្តពោធិ៍សាត់) មានប្រវែងសរុប១៣៥,២៤គីឡូម៉ែត្រ ដោយឆ្លងកាត់ខេត្តចំនួន៣រួមមាន៖ ខេត្តកណ្តាល ប្រវែង ៤,២៥គីឡូម៉ែត្រ ខេត្តកំពង់ឆ្នាំងប្រវែង ៩៣,៥៤គីឡូម៉ែត្រ និងខេត្តពោធិ៍សាត់ប្រវែង ៣៧,៤៥គីឡូម៉ែត្រ ក្រាលបេតុងកៅស៊ូAC ចែកជា២គន្លងទៅ២គន្លងមក គ្រោង រយៈពេលសាងសង់ចំនួន៤៨ខែ គិតត្រឹមថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ សម្រេចបាន២៣,៩០%ហើយ៕