ខេត្តព្រៃវែង៖ គ្រាន់តែរឿងមើលមុខគ្នា បង្កជាជម្លោះ រហូតជនសង្ស័យ២នាក់ទាញឈើជ្រុង វាយទៅលើគូជម្លោះបណ្តាលឲ្យឲ្យរយះក្បាលផ្នែកខាងក្រោយទាំងពីរនាក់ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦ និង២០នាទី ព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ នៅចំណុចមុខផ្ទះពលរដ្ឋឈ្មោះ ទឹម គាន់ ក្នុងភូមិព្រៃស្នៀតខាងជើង ឃុំព្រៃស្នៀត ស្រុកពារាំង។

ជនសង្ស័យមានគ្នា ២នាក់៖ ១/ ឈ្មោះ ឡា វ៉ា ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិទំពាំងជ្រើស ឃុំព្រៃស្នៀត ស្រុកពារាំង។ ២/ ឈ្មោះ ប៊ុន វីន ភេទប្រុស អាយុ ២១ឆ្នាំ នៅភូមិព្រៃស្នៀតខាងជើង ឃុំព្រៃស្នៀត ស្រុកពារាំង។

ចំណែកជនរងគ្រោះ ២នាក់៖១/ ឈ្មោះ អ៊ីម ផល្លា ភេទប្រុស អាយុ ៣០ឆ្នាំ ។ ២/ ឈ្មោះ អេង ប៊ុនថេង ភេទប្រុស អាយុ ២៨ឆ្នាំ។ អ្នកទាំងពីរនៅភូមិព្រៃស្នៀត ឃុំព្រៃស្នៀត ស្រុកពារាំង។

មុនពេលកើតហេតុ ភាគីទាំង២មើលមុខឌឺដាក់គ្នា រហូតទាស់ពាក្យសម្ដី និងមើលមុខគ្នា ហើយភាគីម្ខាងបានទាញឈើជ្រុងប្រវែង១.៥ម៉ែត្រ វាយទៅលើភាគីម្ខាងទៀតជនរងគ្រោះឲ្យត្រូវក្បាលផ្នែកខាងក្រោយទាំងពីរនាក់ បណ្ដាលឲ្យបែកក្បាលរយះប្រវែង២ស.ម។

ក្រោយពេលកើតហេតុ ជនសង្ស័យទាំង២នាក់ត្រូវបានសមត្ថកិច្ចនាំមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុក និងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្ត៕