រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រី ក្រសួង បរិស្ថាន លោក សាយ សំអាល់ បានថ្លែងថា កម្ពុជា លក់ឥណទានកាបូន នៅក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា ឧទ្យានជាតិជួរភ្នំក្រវ៉ាញខាងត្បូង និងដែនជម្រកសត្វព្រៃតាតៃ ក្នុងក្របខណ្ឌទីផ្សារស្ម័គ្រចិត្ត ដោយទទួលបានថវិកា ប្រមាណ ១១,៦ លានដុល្លារ។

យោងតាម គេហទំព័រ ហ្វេសប៊ុក ក្រសួងបរិស្ថានក្នុងឱកាស ចុះត្រួតពិនិត្យការងារគ្រប់គ្រង និងអភិរក្សតំបន់ដែនជម្រាកសត្វព្រៃកែវសីម៉ា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០២០ លោក សាយ សំអាល់ បានជំរុញគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមការពារ និងអភិរក្សធនធានធម្មជាតិឱ្យបានគង់វង្សដើម្បីកម្ពុជាលក់តួនាទីព្រៃឈើដែលដើរតួនាទីសំខាន់ ក្នុងការការពារប្រព័ន្ធអេកូឡូស៊ីនៃភពផែនដី តាមរយៈការលក់ ឥណទានកាបូន ក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត ហើយថវិកាដែលបានមកពីការលក់ឥណទានកាបូនត្រូវបានយកទៅគាំពារលើការងារអភិរក្ស និងការបង្កើតសដ្ឋកិច្ចសម្រាប់ប្រជា សហគមន៍តំបន់ការពារធម្មជាតិ នៅក្នុងតំបន់នោះ។

លោកថា “អាស្រ័យដោយសារកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិបានល្អប្រសើរ កម្ពុជាបានលក់ឥណទានកាបូននៅក្នុង ដែនជម្រកសត្វព្រៃកែវសីម៉ា ឧទ្យានជាតិជួរភ្នំក្រវ៉ាញខាងត្បូង និងដែនជម្រកសត្វព្រៃតាតៃក្នុងក្របខណ្ឌទីផ្សារ ស្ម័គ្រចិត្ត ដោយទទួលបានថវិកា សរុបប្រមាណ ១១,៦ លានដុល្លារអាមេរិក សម្រាប់ទ្រទ្រង់ដល់ការការ ពារនិងអភិរក្ស ក៏ដូចជាជួយលើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍មូលដ្ឋានដែលឆ្លើយតបទៅនឹងគោលការណ៍ហិរញ្ញប្បទាននិរន្តរភាព”។

លោកបន្ថែម ថា ក្រុមមន្ត្រីជំនាញកំពុងសិក្សាបន្ថែម ដើម្បីលក់កាបូនក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ផងដែរ។ លោកថា រហូតមកដល់ពេលនេះ មានតែប្រទេសកម្ពុជានិង ប្រទេសឥណ្ឌូនេស៊ីប៉ុណ្ណោះក្នុងចំណោមប្រទេសអាស៊ាន ដែលបានលក់ឥណទានកាបូនក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត៕