ភ្នំពេញ៖ ជនសង្ស័យកែច្នៃ ជួញដូរ និងប្រើប្រាស់គ្រឿងញៀន ចំនួន៦នាក់ ព្រំទាំងថ្នាំញៀនមួយចំនួន ត្រូវបានកម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បង្ក្រាបបាន និងបញ្ជូនសំណុំរឿងទៅតុលាការ។

នេះបើតាមការឲ្យដឹងពីមន្ត្រីនគរបាលជាន់ខ្ពស់មន្ទីរប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២៩ ខែមេសា ឆ្នំា២០២០នេះ ។
មន្ត្រីនគរបាលជាន់ខ្ពស់មន្ទីរប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា កាលពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២០ ដោយមានការសម្របសម្រួលពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងក្រឡាបញ្ជី នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ កម្លាំងជំនាញការិយាល័យរដ្ឋបាល-សរុប (ក១) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបើកកិច្ចប្រតិបត្តិការបង្រ្កាបជាក់ស្តែងក្នុងករណី កែរឆ្នៃ ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅ៣គោលដៅផ្សេងគ្នាជាបន្តបន្ទាប់៖ គោលដៅទី១៖ ចំណុចគល់ស្ពានខាងកើត ផ្លូវជាតិលេខ១ មុខផ្សារច្បារអំពៅ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ , គោលដៅទី២៖ ចំណុចភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ និងគោលដៅទី៣៖ ចំណុចផ្ទះលេខ ៤០២ ផ្លូវលេខ៣៥៨ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ លទ្ធផល៖ឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់។

ជនសង្ស័យទាំង៦នាក់នោះ រួមមាន៖
១៖ ឈ្មោះ ជា ហួរ ភេទប្រុស កើតឆ្នាំ ១៩៨៦ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ (មេក្លោង)
២៖ ឈ្មោះ អៀង រស្មី ភេទប្រុស កើតឆ្នាំ ១៩៦៨ ជនជាតិខ្មែរ មុខរបរ ស៊ីឈ្នួយាមផ្ទះ(អ្នកកែច្នៃ)
៣៖ ឈ្មោះ សោម រស្មីអរុណ ភេទប្រុស កើតឆ្នាំ ១៩៨៩ ជនជាតិខ្មែរ មុខរបរដឹកឲវ៉ាន់អនឡាញ (អ្នកដឹកជញ្ជូន)
៤៖ ឈ្មោះ តាំង ពិទូរ ភេទប្រុស កើតឆ្នាំ ១៩៩១ ជនជាតិខ្មែរ មុខរបរ រត់កង់បីឥណ្ឌា (អ្នកប្រើប្រាស់)
៥៖ ឈ្មោះ សានលី សុងហួរ ភេទប្រុស កើតឆ្នាំ ១៩៩៣ ជនជាតិខ្មែរ មុខរបរ មិនពិត (អ្នកប្រើប្រាស់)
៦៖ ឈ្មោះ អេត រតនៈ ភេទប្រុស កើតឆ្នាំ ១៩៩៦ ជនជាតិខ្មែរ មុខរបរ អ្នកលេងភ្លេង (អ្នកប្រើប្រាស់)

វត្ថុតាង រួមមាន៖ គ្រឿងញៀនសរុប ៣៩៧.៥១ក្រាម ក្នុងនោះមាន ១៖ មេតំហ្វេតាមីន(ICE) ២៣.៧៤ក្រាម , ២៖ អ៊ិចស្តាស៊ី(MDMA) ២៩.៥០ក្រាម , ៣៖ កេតាមីន(Ketamine) ១៨៣.១៧ក្រាម , ៤៖ នីមេតាហ្សាប៉ាម(Nimetazapam) ៦.៣០ក្រាម , ៥៖ កញ្ឆាក្រៀម ១៥៤.៨០ក្រាម , ៦៖ សារធាតុមិនច្បាស់លាស់ ៣៤៦៦.២៩ក្រាម , ៧៖ ជញ្ជីងថ្លឹង ០១គ្រឿង , ៨៖ ម៉ូតូ២គ្រឿង , ៩៖ ទូរស័ព្ទ៣គ្រឿង , ១០៖ ឧបករណ៍កែឆ្នៃគ្រឿងញៀនចំនួន ០១ឈុត, ១១៖ សំបកវេចខ្ចប់គ្រឿងញៀនមួយចំនួន និង១២៖ ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

ជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ៕