ខេត្តកំពង់ស្ពឺ៖ តាមដីការបស់តុលាការ ជនសង្ស័យម្នាក់ដែលបានបោកប្រាស់វិនិយោគិនជនជាតិចិន និងប្រជាពលរដ្ឋជាច្រើនគ្រួសារ ពាក់ព័ន្ធនឹងបញ្ហាដីធ្លី ត្រូវកម្លាំងសមត្ថកិច្ចនឃាត់ខ្លួន និងបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ។

ជនសង្ស័យ ឈ្មោះកែវ មុនីរតន៍ ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ៧ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ព្រះរាជអាជ្ញារងខេត្តកំពង់ស្ពឺ លោក វ៉ិត មឃៈ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ បានចេញដីកាបង្គាប់ឲ្យចូលខ្លួន លោក កែវ មុនីរតន៍ ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ កាន់លិខិតឆ្លងដែនលេខ N00222949 ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៥ មានអាសយដ្ឋាន បច្ចុប្បន្នផ្ទះលេខ៧ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជានីតិជន ឲ្យចូលបង្ហាញខ្លួននៅចំពោះមុខ តំណាងអយ្យការអម សាលាដំបូងខេត្តកំពង់ស្ពឺ ឲ្យបានមុនថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ នៅរៀងរាល់ម៉ោងធ្វើការ ដើម្បីសាកសួរលើបណ្តឹងព្រហ្មទណ្ឌពីបទ «ឆបោកមានស្ថានទម្ងន់ទោស»។ ដីកានេះអនុញ្ញាតឲ្យមន្ត្រីនគរបាលយុត្តិធម៌ ប្រើប្រាស់កម្លាំងសាធារណៈ ដើម្បីបង្ខំបុគ្គលនោះឲ្យចូលបង្ហាញខ្លួន។

ការចេញដីកានេះ បានធ្វើឡើងបន្ទាប់ពីតំណាងអយ្យការចេញដីការកោះហៅលើឈ្មោះ កែវ មុនីរតន៍ ដើម្បីឲ្យចូលខ្លួនទៅបំភ្លឺពាក់ព័ន្ធនឹងពាក្យបណ្តឹងរបស់ឈ្មោះ ហ្វូក ម៉ីឈី (FU MINQI) ប្តឹងពីបទឆបោកមានស្ថានទម្ងន់ទោស ។ តែឈ្មោះ កែវ មុនីរតន៍ មិនបានឆ្លើយទៅបំភ្លឺតាមការកំណត់ក្នុងដីកាកោះរបស់តំណាងអយ្យការសាលាដំបូងខេត្តកំពង់ស្ពឺ នោះទេ។

សមត្ថកិច្ចបានបង្ហើបឲ្យដឹងថា ក្រៅពីការបោកប្រាស់វិនិយោគិនចិន ឈ្មោះ ហ្វូក ម៉ីឈី (FU MINQI) នេះឈ្មោះ កែវ មុនីរតន៍ ក៏ត្រូវបានប្រជាពលរដ្ឋជាច្រើនគ្រួសារនៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ និងស្រុកអង្គស្នូល ខេត្តកណ្តាល ប្តឹងឈ្មោះ កែវ មុនីរតន៍ ពាក់ព័ន្ធនឹងបញ្ហាបោកប្រាស់រឿងដីធ្លីពួកគាត់ និងអំពាវនាវសមត្ថកិច្ចឲ្យចាត់ការតាមច្បាប់៕