ខេត្តបន្ទាយមានជ័យ៖ អ្នកភូមិក្មេងចាស់៤នាក់ នាំគ្នាទៅបេះផ្លែព្រីង ខណៈប្រទះឃើញគ្រាប់បេមិនទាន់ផ្ទុះ ក៍នាំគ្នារើសមកគប់លេង បណ្ដាលឲ្យផ្ទុះ ស្លាប់ម្នាក់ភ្លាមៗ និង៣នាក់ទៀតរងរបួសធ្ងន់ស្រាល ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ នៅចំណុចលូធំខាងជើងកែងផ្លូវវិស្វកម្ម ស្ថិតក្នុងភូមិកណ្តាល ឃុំសឹង្ហ ស្រុកអូរជ្រៅ។

មន្ត្រីនគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា ជនរងគ្រោះទាំង៤នាក់ រួមមាន៖ ១/ ឈ្មោះជា សរ ភេទស្រី អាយុ២៥ឆ្នាំ ត្រូវបាត់បង់ជីវិត , ២ឈ្មោះ សុខ បញ្ញា ភេទប្រុស អាយុ១២ឆ្នាំ របួសធ្ងន់ , ៣ឈ្មោះ គា សំណាង ភេទប្រុស អាយុ២ឆ្នាំ របួសស្រាល, និង៤.ឈ្មោះជា ស្រីមួយ ភេទស្រីអាយុ៣៤ឆ្នាំ របួសស្រាល ។ជនរងគ្រោះទាំង៤នាក់ ជាកម្មករមកមកស្នាក់នៅស៊ីឈ្នួលដកដំឡូង នៅលានដំឡូងចិន ស្ថិតក្នុងភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក។

មុនពេលកើតហេតុ ជនរងគ្រោះទាំង៤នាក់ បាននាំគ្នាដើរទៅបេះព្រីងទុំនៅព្រៃក្រោយភូមិ។ នៅពេលនោះឈ្មោះ សុខ បញ្ញា បានប្រទះឃើញគ្រាប់កាំភ្លើងប្រភេទបេ៤០មួយគ្រាប់ ដែលបន្សល់ទុកក្នុងសម័យសង្រ្គាមនៅលើដំបូកក្បែរដើមព្រីងនោះ ក៏រើសយកមកគប់លេង បណ្ដាលឲ្យផ្ទុះ ស្លាប់ម្នាក់ភ្លាមៗ និង៣នាក់ទៀតរងរបួសធ្ងន់ស្រាល ។
ក្រោយពេលកើតហេតុ អ្នករងរបួស ត្រូវបាបញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាពឃុំសឹង្ហ ។ ចំណែកសពជនរងគ្រោះដែលស្លាប់ សមត្ថកិច្ចបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕