រាជធានីភ្នំពេញ៖ បុរសជនបរទេសស្បែកសម្នាក់ បានចូលផឹកស៊ីក្នុងហាងមួយកន្លែង តែមិនឲ្យលុយម្ចាស់ហាងសោះ ថែមរត់ទៅផ្ទះយកកាំភ្លើងមកភ្ជង់គំរាមបាញ់គេឯង បង្កការភ្ញាក់ផ្អើលជាខ្លាំង តែសំណាងល្អ មានកម្លាំងកងរាជអាវុធហត្ថចុះមកអន្តរាគមន៍ចាប់វាយខ្នោះភ្លាមៗ។

ហេតុការណ៍នេះ បានកើតឡើង នៅម៉ោងជាង១១យប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ នៅចំណុចហាងផឹកស៊ីមួយកន្លែង ជិតបាលីរីស៊ត ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ ជនបរទសខាងលើចូលទៅផឹកស៊ី នៅហាងមួយកន្លែងជិតបាលីរីស៊ត លុះចូលផឹកស៊ីរួចដល់ពេលគិតលុយ មិនមានលុយគេទេ ហើយភ្លាមនោះម្ចាស់ហាងសួរនាំហេតុអ្វី បានផឹកហើយអត់ឲ្យលុយ ស្រាប់តែជនបរទេសរូបនោះ ខឹងក៏បានវាយម្ចាស់ហាងមួយដៃចំមុខ ហើយជនបង្កនោះ បានរត់ទៅផ្ទះស្នាក់នៅបាត់មួយសន្ទុះ ក៏យកកាំភ្លើងមកភ្ជង់គេ បង្កឲ្យមានការភ័យខ្លាចស្ទើរគ្រប់គ្នា ព្រោះខ្លាចជនបរទេសរូបនោះបាញ់។

ប្រភពបន្តថា ដោយឃើញសភាពមិនស្រួលបែបនេះ ម្ចាស់ហាងបានទូរសព្ទ័រាយការណ៍ ទៅកម្លាំងកងរាជអាវុធហត្ថខណ្ឌសែនសុខ ចុះមកជួយអន្តរាគមន៍ឃាត់ជនបរទេសរូបនោះ និងដកហូតកាំភ្លើងខ្លី១ដើមផង។

ជនសង្ស័យត្រូវសមត្ថកិច្ចបញ្ជូន ទៅសាកសួរ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌសែនសុខ ដើម្បីចាត់ការតាមផ្លូវច្បាប់៕