ភ្នំពេញ៖ បុរសម្នាក់បើករថយន្តប្រភេទទេសចរណ៍មួយគ្រឿងយកទៅចតមុខផ្ទះប្រជាពលរដ្ឋ ពិបាកចេញចូល ត្រូវម្ចាស់ផ្ទះយក Spray បាញ់ថ្នាំពីក្រោយរថយន្ត “ហាមចតមុខផ្ទះ” បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង១២និង៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០២០នេះ នៅតាមបណ្តោយផ្លូវលេខ ៥៩៨ ចំណុចមុខផ្ទះប្រពលជារដ្ឋមួយកន្លែងក្បែរហាងបញ្ចាំលី ហួរ ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ។

អ្នកបើករថយន្តបានឲ្យដឹងថា មុនពេលកើតហេតុ នៅម៉ោងជាង៩យប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ រូបគាត់ និងមិត្តភក្តិម្នាក់ទៀតបានបើករថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទទេសចរណ៍ ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ3D-8597 ចេញពីម្តុំរង្វង់មូលកាំកូស៊ីធី មកដល់ចំណុចកើតហេតុ បានបើករថយន្តឡើងលើចិញ្ចើមផ្លូវចតនៅមុខផ្ទះប្រជាពលរដ្ឋនៅក្បែរហាងបញ្ចាំលី ហួរ ហើយក៏នាំគ្នាដើរចូលទៅហូបបាយផ្ទះមិត្តភក្កិ។ ស្រាប់តែចេញមកវិញ មិនដឹងនរណាយកSpray បាញ់ថ្នាំពីក្រោយរថយន្ត “ហាមចតមុខផ្ទះ”ធ្វើឱ្យគាត់ហួសចិត្ត រួចបានទំនាក់ទំនងទៅសមត្ថកិច្ចឲ្យចុះមកពិនិត្យ។

បន្ទាប់មក សមត្ថកិច្ចមូលដ្ឋានបានចុះមកពិនិត្យដល់កន្លែងកើតហេតុ ហើយបានឲ្យអ្នកបើករថយន្ដទៅកន្លែងស្នាក់នៅវិញសិន រង់ចាំថ្ងៃស្អែក ទើបសមត្ថកិច្ចស្រាវជ្រាវរកអ្នកយកSpray បាញ់ថ្នាំពីក្រោយរថយន្ត ។

ករណីអ្នកបើកបរទៅចតរថយន្តមុខផ្ទះគេផ្ដេសផ្ដាស រួចទៅណាបាត់ ធ្វើឲ្យម្ចាស់ផ្ទះពិបាកចេញចូលបានកើតមានឡើងជារឿយៗ ហើយត្រូវម្ចាស់ផ្ទះខ្លះចាក់បន្ធូរកង់រថយន្ត រហូតម្ចាស់ផ្ទះខ្លះវាយបំបែកកញ្ចក់រថយន្តក៍មាន ដូច្នេះអ្នកបើកបររថយន្តទាំងឡាយមិនគួរចតរថយន្តមុខផ្ទះគេផ្ដេសផ្ដាស រកតែម្ចាស់ផ្ទះចេញចូលរថយន្តរបស់ខ្លួនមិនបាននោះទេ៕