រាជ​ធា​នៅ​ភ្នំពេញ ៖ យោង​តាម​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​ទី​២៧​ ខែមេ​សា​នេះ បាន​ផ្ញើ​សារថ្លែងអំណរគុណ​ដល់​​បងប្អូនពលករ​ខ្មែរ​ធ្វើការនិង​ស្នាក់​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ ដែល​បាន​យោគយល់​ដល់​វិធានការ​ទប់ស្កាត់​ជំងឺឆ្លង​កូ​វី​ដ​-១៩​នៅ​កម្ពុជា នាពេលកន្លង​មក ពេល​នេះ​សម្តេច​តេ​ជោ​ សម្រេច​ឲ្យ​ពលករ​ខ្មែរ​ជាង​២០០​នាក់​នេះ​អាច​វិល​ត្រឡប់​មក​កម្ពុជា​វិញ​បាន ​ឆាប់​ៗ​នេះ ។

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​សរសេរសារតាម​ហ្វេ​ស​បុក​ផ្លូវការ​ថា ​មក​ទល់​ថ្ងៃនេះ​កម្ពុជា​ និង​ពិភពលោក​កំពុង​សកម្ម​នាំ​គ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺឆ្លង​កូ​វី​ដ​-១៩ ​។ ហើយ​មក​ទល់​ពេល​នេះ​ពិភពលោក​ ក៏​មិន​ទាន់​រក​ឃើញ​ថ្នាំ​ព្យាបាល​ជំងឺ​កូ​វី​ដ​-១៩ ដ៏​កាច​សាហាវ​នេះ​នៅឡើយ​ទេ ។

សម្តេច​បាន​បន្ត​ថា​ «​រាជរដ្ឋាភិបាល​កម្ពុជា​សូម​អរគុណ​កូនក្មួយ​ពលករ​ជាង២០០​នាក់​ ដែល​ក្នុង​នោះ​ក៏​មានកូន​ក្មួយ​អ្នកទោស​ចំនួន ៧៣​នាក់​ផង​ដែរ ដែល​ត្រូវ​បាន​ផ្អាក​ការ​ធ្វើ​ដំណើរ​វិល​ត្រឡប់​មក​កម្ពុជា​កាលពី​ពេល​ថ្មី​ៗ​ក្នុង​ពេល​ដែល​ដែល​ប្រទេស​យើង​កំពុង​ដាក់​បម្រាម​តឹង​រឹង​ក្នុង​ការ​ធ្វើ​ដំណើរ ​។ ​ប៉ុន្តែ​នៅ​ពេល​នេះ​បម្រាម​ការ​ធ្វើ​ដំណើរ​ក្នុង​ប្រទេស​ក៏​បាន​លើក ​ដូច្នេះ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​អោយ​កូនក្មួយ​ពលករ​ខ្មែរ​ជាង​២០០​នាក់​អាច​វិល​ត្រឡប់​មក កាន់​មាតុប្រទេស​វិញ ។ ប៉ុន្តែ​សូម​កូនក្មួយ​ទុក​ពេលវេលា​អោយ​ខាង​អាជ្ញាធរ​ម៉ា​ឡេ​ស៊ី​គេ​ធ្វើតេស្ត​សុខភាព​សិន ​ដើម្បី​បញ្ជាក់​ថា ​កូនក្មួយ​គ្មាន​សញ្ញា​វិជ្ជមាន ​នៃជំងឺ​កូ​វី​ដ​-១៩ ។ យើង​ទាំងអស់​គ្នា​ទាំង​អ្នក​នៅ​ក្នុង​ប្រទេស​ និង​ក្រៅប្រទេស​ គឺ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ជា​និច្ច​ កុំ​នាំ​រោគ​ឆ្លង​ពី​ក្រៅ​ចូល​ក្នុង​និង​ពី​ម្នាក់​ទៅ​ម្នាក់ ព្រោះ​ជំងឺ​កូ​វី​ដ​-១៩ នេះ គឺ​ងាយ​ឆ្លង​ខ្លាំង​ណាស់​»​ ។

សម្តេច​តេ​ជោ​ បាន​បន្ត​ទៀត​ថា​ «​សូម​ឲ្យ​កូនក្មួយ​ទាំងអស់​កុំ​បារម្ភ​អ្វី​ ប្រ​សិន​បើ​កូនក្មួយ​គ្មាន​ជំងឺឆ្លង​កូ​វី​ដ ១៩​ទេ​គឺ​កូនក្មួយ​អាច​វិល​ត្រឡប់​មក​កម្ពុជា​វិញ​បាន​ក្នុង​ពេល​ឆាប់​ៗ​នេះ ។ ផ្ទុយ​ពី​នេះ​បើ​ខាង​ម៉ា​ឡេ​ស៊ី​ពិនិត្យ​ឃើញ​មាន​កូ​វី​ដ​-១៩ ​ទៅ​លើ​កូនក្មួយ​ណា​ គឺ​ត្រូវ​នៅ​សម្រាក​ព្យាបាល​នៅ​ទីនោះ​សិន​ រហូត​ដល់​ជា​សះស្បើយ​ទើប​អនុ​ញ្ញា​ឱ្យ​ត្រឡប់ មក​កម្ពុជា​វិញ​ ។​ ចំពោះ​កូនក្មួយ​ដែល​នឹង​មក​ដល់​កម្ពុជា​វិញ ​គឺ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​(​រស់នៅ​ដាច់​ដោយឡែក)សិន ​ដើម្បី​តាមដាន​សុខភាព​ជា​បន្ត​ ហើយ​ក៏​មានការ​ធ្វើ​ច​ត្តា​ឡី​ស័ក​១៤​ថ្ងៃ​ទៀត ​នៅ​តាម​ផ្ទះ​ផង​ដែរ​» ។

គួរ​រំលឹក​ជូន​ថា​កាលពី​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០២០​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ហាមឃាត់​មិន​ឱ្យ​ពលរដ្ឋ​ខ្មែរ​ដែល​កំពុងធ្វើការ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ដែល​ចង់​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ខ្មែរ​ដោយ​បារម្ភ​ខ្លាច​មានការ​នាំ​ជំងឺ​កូ​វី​ដ​១៩ ចូល​មក​ក្នុង​ប្រទេស ៕