រាជធានី​ភ្នំពេញ ៖ រដ្ឋាភិបាល​សហរដ្ឋអាមេរិក បាន​ផ្តល់​មូលនិធិ​គិត​ជា​ទឹកប្រាក់​ចំនួន ១,៥ លាន​ដុល្លារ បន្ថែម​ទៀត​សម្រាប់​ជួយ​កម្ពុជា ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១៩ ចាប់តាំងពី​ពេល​ចាប់ផ្តើម​នៃ​ការ​ផ្ទុះ​មេរោគ​រាតត្បាត​នេះ​មក រដ្ឋាភិបាល​សហរដ្ឋអាមេរិក បាន​ផ្តល់​ជំនួយ​សរុប​ចំនួន​ជាង ៣,៥ លាន​ដុល្លារ ដល់​កម្ពុជា ។

បើ​តាម​លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក W. Patrick Murphy បាន​មាន​ប្រសាសន៍​ថា «​ជំនួយ​នេះ ជួយ​ដល់​ការ​ឆ្លើយ​តប​របស់​ប្រទេស​កម្ពុជា ចំពោះ​ជំងឺ​កូ​វី​ដ​១៩ បន្ត​កិច្ច​សហប្រតិបត្តិការ និង​ភាព​ជា​ដៃគូ​ដ៏​យូរអង្វែង​របស់​យើង​លើ ផ្នែក​សុខាភិបាល​ជាមួយ​ប្រទេស​កម្ពុជា ។ ការ​យកឈ្នះ​លើ​មេរោគ​កូ​វី​ដ​១៩​បាន គឺជា​បញ្ហា​ប្រឈម​ជា​សាកល​មួយ ហើយ​សហរដ្ឋអាមេរិក កំពុងធ្វើការ​នៅ​ក្នុងស្រុក និង​នៅ​បរទេស ដើម្បី​បញ្ឈប់​ការ​រាលដាល​នៃ​ជំងឺ​នេះ ។ ជំនួយ​របស់​យើង​នឹង​ជួយ​ប្រព័ន្ធ​សុខាភិបាល​កម្ពុជា នៅ​ក្នុង​ការ​តាមដាន​ជំងឺ​ព្យាបាល​អ្នក​ឈឺ ហើយ​ការពារ​កុំ​ឲ្យ​មាន​ឆ្លង​ជំងឺ​កូ​វី​ដ ១៩ ថែម​ទៀត​» ។

លោក​បន្ត​ថា «​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​សហរដ្ឋអាមេរិក មាន​ប្រវត្តិ​ដ៏​យូរ​ក្នុង​ការ​ធ្វើការ​រួម​គ្នា ជា​ដៃគូ​ប្រកបដោយ​ផលិតភាព និង​ប្រសិទ្ធភាព ក្នុង​ការ​ពង្រឹង​នូវ​ប្រព័ន្ធ​សុខាភិបាល ដោះស្រាយ​នូវ​ជំងឺឆ្លង​ផ្សេង​ៗ និង​លើកកម្ពស់​សមិទ្ធផល​សុខាភិបាល សម្រាប់​ប្រជាជន​កម្ពុជា នៅ​ក្នុង​តំបន់ និង​លើ​ពិភពលោក​» ។

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉​ម ប៊ុ​ន​ហេង ថ្លែង​ថា ជំនួយ​ដែល​សហរដ្ឋអាមេរិក​ផ្តល់​ដល់​កម្ពុជា ជា​ផ្នែក​មួយ​ជួយ​កម្ពុជា​ឱ្យទាន់​ពេលវេលា ដើម្បី​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩ ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​។

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ថ្លែង​ថា​ «​សហរដ្ឋអាមេរិក​ផ្តល់​ជំនួយ​ដ៏​សំខាន់ រួម​គ្នា​ដើម្បី​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​កម្ពុជា ពង្រឹងសមត្ថភាព​ធនធានមនុស្ស​ដែល​យើង​មាន​ស្រាប់ ដូច្នេះ ជា​មូលដ្ឋាន​សំខាន់ ដើម្បី​ឱ្យ​ប្រព័ន្ធ​សុខាភិបាល​យើង​អាច​មាន​កម្លាំង​គ្រប់គ្រាន់ និង​ទទួល​បាន​ឧបករណ៍ ជំនួយស្មារតី និង​កិច្ច​សហប្រតិបត្តិការ​បន្ថែម ដើម្បី​ឆ្លើយ​តប​មាន​ប្រសិទ្ធភាព ក្នុង​ការ​ទប់ស្កាត់​វីរុស​កូ​វី​ដ​១៩​នេះ​» ។

សូម​ជម្រាប​ថា​នៅ​ក្នុង​ប្រទេស​កម្ពុជា ស្ថានទូត​អា​មេ​រិ​ក​ផ្តល់​ជំនួយ​ផ្នែក​សុខាភិបាល​តាម​រយៈ​ក្រុម​អន្តរ​ទីភ្នាក់ងារ ដែល​រួម​មាន​ទីភ្នាក់ងារ​ផ្តល់​ជំនួយ​អា​មេ​រិ​ក (USAID) មជ្ឈមណ្ឌល​គ្រប់គ្រង​និង​បង្ការ​ជំងឺ​(USCDC) វិទ្យាស្ថាន​ជាតិ​សុខភាព​(NIH)​អង្គភាព​ស្រាវជ្រាវ​សុខាភិបាល​នៃ​កងទ័ពជើងទឹក​សហរដ្ឋអាមេរិក​(NAMRU-2)​ក្រសួងការបរទេស​អា​មេ​រិ​ក​និង​អង្គការ​ដទៃ​ទៀត​។ ជំនួយ​អា​មេ​រិ​ក លើ​ផ្នែក​សុខាភិបាល​ក្នុង​ប្រទេស​កម្ពុជា នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​អេ​ដស៍ ជំងឺគ្រុនចាញ់ ជំងឺរបេង លើកកម្ពស់​សុខភាព​មាតា​និង​ទារក ហើយ​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​ជា​រួម​៕